|

សម្ដេចតេជោ៖ «អង្គការនិតិបញ្ញតិ ជាពិសេសស្ថាប័នរដ្ឋសភា ពិតជាមានតួនាទីសំខាន់ និងមិនអាចខ្វះបាន ក្នុងការរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល»


នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងប្រសាសន៍នាឱកាសនេះ សម្ដេចបានបង្ហាញក្ដីសោមនស្សរីករាយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាទអន្តរសភាអាស៊ាន លើកតី៤៣នេះ ស្របពេលនឹងការប្រារព្ធខួបលើកទី៥៥ នៃការបង្កើតអាស៊ាន។

អាស៊ាន បានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ហើយត្រូវបានទទួលស្គាល់ថាជាសហគមន៍ស្នូលសម្រាប់និម្មាបនកម្មតំបន់។ សម្ដេចបានមានប្រសាសន៍ថា ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជាបានដឹកនាំអាស៊ានចូលរួមចំណែក ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដ៏លំបាកនានា ដែលតំបន់កំពុងជួបប្រទះ ហើយបានឈានទៅសម្រេចបានសមិទ្ធផលសំខាន់ៗ ដើម្បីរួមចំណែកជំរុញសម្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។

សម្ដេច ក៏បានអបអរចំពោះជ័យជម្នះនៃការរបចំកិច្ចប្រជុំកំពូលអេប៉ិច (APEC) ដោយប្រទេសថៃ និងG20 ដោយប្រទេសឥណ្ឌូនេស៊ី នាពេលថ្មីៗនេះផងដែរ ហើយជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន អេប៉ិច និង G20 ដែលរៀបចំឡើងដោយសមាជិកអាស៊ានក្នុងឆ្នាំនេះ នឹងជាវិភាគទានដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព និងមជ្ឈភាពអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និងសកល។

សម្ដេច បានគូសបញ្ជាក់ថា អង្គការនិតិបញ្ញតិ ជាពិសេសស្ថាប័នរដ្ឋសភា ពិតជាមានតួនាទីសំខាន់ និងមិនអាចខ្វះបាន ក្នុងការរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល។ ក្នុងស្មារតីនេះ ការប្រារព្ធមហាសន្និបាតអន្តរសភាលើកទី៤៣នាពេលនេះ គឺជាឱកាសមួយដ៏កម្រសម្រាប់ប្រតិភូអាយប៉ា ចូលរួមពិភាក្សាយ៉ាងទូលំទូលាយលើប្រធានបទរបស់យើង សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ និងរិះរកនូវអនុសាសន៍គោលនយោបាយ ជាពិសេសគោលជំហររួមមួ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ ជាការជួបជុំដោយផ្ទាល់លើកដំបូងរបស់ AIPA ក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ ជាសកល តាំងពីឆ្នាំ២០១៩ មកនោះ។ មហាសន្និបាត AIPA លើកទី៤១ ក្នុងឆ្នាំ២០២០ ដែលសភាវៀតណាមធ្វើជាម្ចាស់ផ្ទះ និងមហាសន្និបាត AIPA លើកទី៤២ក្នុងឆ្នាំ២០២១ ដែលប្រធានសភាព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ គឺបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ៕

ដោយ៖ Phat koemchhe
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister