តើពូទីននឹងបាញ់នុយក្លេអ៊ែរ ដូចការគំរាមមែនឬ?


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាអ្នកគ្រប់គ្រងអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក បានព្រមានលោកខាងលិចម្តងហើយម្តងទៀតថា រាល់ការវាយប្រហារខ្លួន រុស្ស៊ីអាចនឹងឆ្លើយតបទៅវិញដោយអាវុធនុយក្លេអ៊ែរ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់ផ្នែកយោធាដ៏ធំមួយរបស់អ៊ុយក្រែន ដូចនេះលោកពូទីនយល់ថា សង្រ្គាមនៅអ៊ុយក្រែនជាសមរភូមិអត្ថិភាពរវាងរុស្ស៊ី និងលោកខាងលិច ដែលលោកចាត់ទុកថា ជាចេតនារបស់អាមេរិក ក្នុងការចង់បំផ្លាញរុស្ស៊ី និងដណ្តើមគ្រប់គ្រងធនធានធម្មជាតិដ៏ធំរបស់ខ្លួន។ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានប្រកាសចាប់ផ្តើមហ្វឹកហាត់បាញ់មីស៊ីលផ្លោង ដែលជាផ្នែកនៃសមយុទ្ធកម្លាំងទប់ស្កាត់ជាយុទ្ធសាស្ត្រនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។ ដោយឡែក លោកពូទីន បានធ្វើការគំរាមជាថ្មីម្ដងទៀតជុំវិញការប្រើប្រាស់មធ្យោបាយចុងក្រោយរបស់ខ្លួន គឺអាវុធប្រល័យលោក នុយក្លេអ៊ែរ និងប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារទឹកដីរុស្ស៊ី និងជាការប៉ះប៉ូវនូវបរាជ័យរបស់កងទ័ពរុស្ស៊ីលើការវាយបករបស់អ៊ុយក្រែនក្នុងរយៈពេលចុងក្រោយនេះ។

ទោះជាយ៉ាងនេះក្តី ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា មិនមានពុំមានសញ្ញាច្បាស់លាស់ណាមួយ ដែលថាលោក ពូទីន កំពុងឆ្ពោះទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រជាក់ស្ដែងក្នុងពេលឆាប់ៗនេះដូចការគំរាមនោះទេ ។ ក្រុមអ្នកវិភាគ ក៏បានផ្ដល់យោបល់យ៉ាងប្រុងប្រយ័ត្នថា ហានិភ័យ ដែលលោកពូទីន នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរដ៏ធំក្នុងពិភពលោកនោះ ហាក់បីដូចជាមានកម្រិតទាបនៅឡើយ។ ទន្ទឹមនឹងគ្នានោះ គ្មានមន្ត្រីរុស្ស៊ីណាម្នាក់បានគាំទ្រឱ្យមានការវាយប្រហារអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដែលជាការបំផ្លាញទីក្រុងនានាក្នុងសហរដ្ឋអាមេរិក រុស្ស៊ី អឺរ៉ុប និងអាស៊ីនោះទេ។

ក្នុង​នាម​ជា​មហាអំណាច​សកល​ដ៏​លេចធ្លោ សហរដ្ឋអាមេរិក​នឹង​សម្រេច​ជា​ធរមាន​នូវ​ការ​ឆ្លើយតប​ចំពោះ​ការ​វាយប្រហារ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី។ អាមេរិក ក៏បានព្រមានរុស្ស៊ីផងដែរ អំពីមហន្តរាយជាក់លាក់ ប្រសិនបើខ្លួនប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប្រសិនបើរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរ នោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ នឹងមិនបណ្ដោយឱ្យរុស្ស៊ីរួចខ្លួននោះទេ។ អាមេរិក នឹងបំផ្លាញកងទ័ព និងបរិក្ខាររបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយលិចកងនាវាសមុទ្រខ្មៅទាំងមូល។

គួរបញ្ជាក់ផងដែរថា រុស្ស៊ី និងសហរដ្ឋអាមេរិកគ្រប់គ្រង ៩០% នៃអំណាចនុយក្លេអ៊ែររបស់ពិភពលោក។  ឃ្លាំងអាវុធរបស់ពួកគេត្រូវបានសាងសង់ឡើងក្នុងកំឡុងសង្គ្រាមត្រជាក់។ ប្រទេសរុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកដោយផ្អែកលើចំនួនគ្រាប់នុយក្លេអ៊ែរ។ បើ​និយាយ​ពី​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ រុស្ស៊ី​មាន​ចំនួន​ប្រហែល ១០ ដង​នៃ​ចំនួន​ដែល​អាមេរិក​មាន។ ប្រសិនបើរុស្ស៊ីសម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងលោកខាងលិចមែន នោះជាការសម្រេចចិត្តដ៏ធំ និងក្លាយជាមហន្តរាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ បន្ទាប់ការប្រើប្រាស់នុយក្លេអ៊ែរចុងក្រោយកាលពីឆ្នាំ១៩៤៥ តាមរយៈការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ដោយសហរដ្ឋអាមេរិក៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Reuters, ALJAZEERA