បទវិភាគ៖ ជញ្ជីងនៃសិទ្ធិទទួលព័ត៌មាន និងផលដែលបានពីព័ត៌មាន


កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ  ក្រុមការងារលើកកម្ពស់សិទ្ធិទទួលព័ត៌មាន ដែលមានសមាជិកអង្គការសង្គមស៊ីវិលចំនួន៣០ និងដៃគូពាក់ព័ន្ធ បានសហការគ្នារៀបចំសន្និសីទថ្នាក់ជាតិមួយស្ដីពីសិទ្ធិទទួលព័ត៌មានជាសកល ក្រោមប្រធានបទ «បញ្ញាសិប្បនិម្មិត អភិបាលកិច្ចអេឡិកត្រូនិក និងសិទ្ធិទទួលព័ត៌មាន»។ សន្និសីទនេះមានគោលបំណងចូលរួមអបអរសាទរទិវាអន្តរជាតិស្តីពីសិទ្ធិទទួលព័ត៌មានជាសាកលផង និងជាការបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃសិទ្ធិទទួលព័ត៌មាន​ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិទទួលបានព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍលើគ្រប់វិស័យ។

យើងសង្កេតឃើញថា សន្និសីទលើកនេះ ទទួលបានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ ព្រោះថា ផលនៃសិទ្ធិទទួលព័ត៌មាននេះ ក៏នឹងក្លាយជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការធានាឱ្យសម្រេចបាននូវកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅឈានឆ្ពោះទៅតោងយកស្ថានភាពជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ត្រឹមឆ្នាំ២០៥០។ ក្នុងនាមយើងជាអ្នកសារព័ត៌មាន យើងក៏សាទរយ៉ាងខ្លាំងពីកិច្ចប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ ក្នុងការរុញច្រានច្បាប់នេះឱ្យចេញជារូបរាង ដើម្បីពួកយើងអាចស្នើសុំព័ត៌មាន និងអាចសរសេរអត្ថបទឱ្យកាន់តែមានន័យទូលំទូលាយ។ ទន្ទឹមនឹងនេះ សិទ្ធិនេះ មានសារៈសំខាន់ណាស់សម្រាប់យើងខ្ញុំជាប្រជាពលរដ្ឋ ដោយហេតុថា ប្រសិនបើយើងមានព័ត៌មានគ្រប់គ្រាន់ យើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិត្រូវ ដែលអាចរួមចំណែកជាមួយសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសទៅលើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបោះឆ្នោត ។

គួររំលឹកថា ច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស និងច្បាប់ពាក់ព័ន្ធ បានធានាឱ្យមនុស្សម្នាក់ៗមានសិទ្ធិស្មើគ្នាៗ ស្របតាមនិយាមអន្តរជាតិ ក្នុងគោលដៅលើកកម្ពស់តម្លាភាព ឱ្យប្រជាជនមានលទ្ធភាពក្នុងការស្វែងរក ការទទួលបាន និងការផ្សព្វផ្សាយព័ត៌មានប្រកបដោយប្រសិទ្ធភាព និងសមភាព។ ក្រៅពីច្បាប់ជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សអន្តរជាតិ មាត្រាទី១៩ ក៏បានចែងពីសិទ្ធិជាសារវន្តនេះ ជាមួយនឹងខ្លឹមសារថា ៖ «មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្ដែងមតិ។​ សិទ្ធិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិ​ដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានាដោយគ្មានព្រំដែនទឹកដី ទោះតាមរយៈមធ្យោបាយសម្ដែងមតិមួយណាក៏ដោយ»។

ក្នុងន័យខាងលើ ទាំងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន មានកាតព្វកិច្ចបង្ហាញព័ត៌មាន (សាធារណៈ) ជាសាធារណៈ ដោយមិនបាច់ស្នើសុំ។ ជាងនេះទៅទៀត ច្បាប់តម្រូវថា រូបវន្តបុគ្គល និងនីតិបុគ្គល ក៏អាចមានសិទ្ធិស្នើសុំព័ត៌មាន (សម្ងាត់ ដោយលើកលែងតែប្រភេទព័ត៌មានមួយចំនួនតូច បែបសម្ងាត់ណាស់) ដែលមិនបោះពុម្ព ល្គឹកណាផលដែលអាចទាញចេញពីព័ត៌មានទាំងនោះ អាចដោះបន្ទុកបុគ្គលនោះ ឬណាម្នាក់ ដែលកំពុងជួបរឿងអយុត្តិធម៌ ឬបម្រើប្រយោជន៍សាធារណៈជាធំ។

ខណៈដែលសង្គមតម្រូវ ហើយមានទាំងច្បាប់គាំទ្រផងនោះ ក៏មិនមែនមានន័យថាមានសិទ្ធិនេះហើយ អ្នកសុំ ចេះតែពីសុំតាមចិត្តចង់នោះទេ។ នៅពេលដែលនិយាយពីសិទ្ធិទទួលបានព័ត៌មាន យើងចាំបាច់ត្រូវមានការថ្លឹងថ្លែងរវាងសិទ្ធិស្នើសុំ និងផល ដែលនឹងអាចទាញចេញបានពីព័ត៌មានដែលសុំបាន។ ជាការពិត ដោយហេតុថា មានរឿងច្រើនណាស់ដែលកើតចេញពីការស្នើសុំព័ត៌មានដោយមិនទទួលខុសត្រូវ។ ព័ត៌មានមួយចំនួនត្រូវបានស្នើសុំ ដោយពុំមានគោលបំណងច្បាស់លាស់ ខណៈដែលព័ត៌មានមួយចំនួនទៀត ស្នើសុំដើម្បីបម្រើប្រយោជន៍មិនសុចរិត។ នៅពេលដែលស្ថាប័ន រកដំណោះស្រាយឱ្យយឺត ឬមិនបានឆ្លើយតប ក្តីក្តាំនឹងកើតឡើង។

សិទ្ធិទទួលបានព័ត៌មានសំខាន់ សម្រាប់សុខភាពសង្គម និងនិរន្តរភាព សន្តិភាព ទន្ទឹមនឹងសិទ្ធិទទួលព័ត៌មាន យើងទាំងអស់គ្នា ក៏គួរផ្តោតរឿង «សមត្ថភាពក្នុងការយល់ដឹង និងប្រើប្រាស់ព័ត៌មាន» ។ ដើម្បីកែប្រែផលទាំងនេះ យើងត្រូវបន្តពង្រឹងការយល់ដឹងផ្នែកអក្ខរកម្មព័ត៌មាន (Media Literacy) ច្បាប់សារព័ត៌មាន (Media/Communication/Cyber Law) ក្រមសីលធម៌អ្នកសារព័ត៌មាន (Media Ethics) វិភាគទិន្នន័យព័ត៌មាន (Data Analytics) ការបង្កើតមធ្យោបាយគ្រប់គ្រងព័ត៌មាន (App development) ការអប់រំភាពជាពលរដ្ឋល្អ (Civic Education) ។ល។ ឱ្យស្របតាមសិទ្ធិដែលចង់ដឹងព័ត៌មាន។

ពិតណាស់ យើងមានរឿងអាទិភាពដែលត្រូវផ្តោត ប៉ុន្តែចាំបាច់ណាស់ នៅពេលដែលនិយាយរឿងសិទ្ធិទទួលព័ត៌មាន ដាច់ខាតត្រូវរំលឹកផងដែរពីរឿងពាក់ព័ន្ធ (ដែលហៅថា សមត្ថភាពថ្លឹងថ្លែង) បើពុំនោះសោត អ្នកទាមទារ ចេះតែទាមទារ ហើយអ្នកឱ្យរវល់ចេះតែរកឱ្យ។ ដូច្នេះ មិនគួរណាដើម្បីគ្រាន់តែចង់ដោះស្រាយបញ្ហាមួយ ធ្វើឱ្យបញ្ហាជាច្រើនផ្សេងទៀតកើតឡើងទន្ទឹមគ្នានោះឡើយ៕

ដោយ៖ BRANDMEDIA