សម្ដេច ហ៊ុន សែន៖ «កុំចាំតែនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែកចាំធ្វើ នាំគ្នាធ្វើឱ្យដូចភ្លៀងរលឹមទៅ»
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញចូលរួមក្នុង វេទិកាអន្តរជាតិសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៌ជ្រោយចង្វាររាជធានីភ្នំពេញ។
យោងទៅតាមប្រសាសន៍របស់សម្ដេច នាយករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយដែលយើងបានបើកប្រទេសឡើងវិញ យើងបានឃើញនូវស្ថានភាពនៃការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន បញ្ហាល្បែងស៊ីសង និងអំពើខុសច្បាប់ដទៃផ្សេងទៀត មានការកើនឡើងគួរឱ្យបារម្ភ។
បន្ទាប់ពីសម្ដេច បានចុះហត្ថលេខាបង្កើនអន្តរក្រសួង និងចេញសារសំឡេងអំពីការកបង្រ្កាបល្បែងស៊ីសង រយៈពេលត្រឹមមួយថ្ងៃក្នុងខេត្តកណ្ដាល មន្ត្រីពាក់ព័ន្ធបានរកឃើញជាង៧០០កន្លែង និងរាជធានីភ្នំពេញជាង១០០០កន្លែង។
ជុំវិញបញ្ហានេះ សម្ដេច បានមានប្រសាសន៍ក្រើនរំលឹកដល់មន្ត្រីរាជរដ្ឋាភិបាលទាំងអស់ថា «កុំចាំតែនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែកចាំធ្វើ នាំគ្នាធ្វើឱ្យដូចភ្លៀងរលឹមទៅ»។ «បញ្ហាល្បែងស៊ីសង គឺវាកើតឡើងនៅលើដី នៅតាមភូមិ ស្រុក ខេត្តនានា ដូច្នេះបញ្ហាវាស្ថិតនៅត្រង់យើងធ្វើ ឬមិនធ្វើ»។
សម្ដេច បានជំរុញឱ្យគ្រប់តួអង្គទាំងអស់ត្រូវធ្វើសកម្មភាពព្រមៗគ្នា ដើម្បីបំបាត់ល្បែងស៊ីសងនៅតាមមូលដ្ឋាន ដែលជាធាតុផ្សំសម្រាប់ការទប់ស្កាត់ការជួញដូរមនុស្ស និងនាំមកនូវសុខដុមរមនាដល់ប្រជាពលរដ្ឋ។ យ៉ាងណាមិញ មធ្យោបាយដែលល្អបំផុតគឺ ការបង្ការ និងរារាំង កុំឱ្យរឿងកើតឡើងហើយ ទើបដោះស្រាយ ហើយការរារាំងកុំឱ្យមានការកើនឡើងនូវបញ្ហាល្បែងស៊ីសងនេះគឺ តាមរយៈការចូលរួមចំណែកដ៏សំខាន់ ពីនិកាយសាសនានីមួយៗ ដើម្បីអប់រំមនុស្ស ធ្វើឱ្យកម្ពុជាក្លាយទៅឋានសួគ៌នៃឧក្រិដ្ឋកម្ម។
ស្ថិតក្នុងឱកាសនេះ រាជរដ្ឋាភិបាលបានប្រកាសកំណត់យកថ្ងៃ ២០ សីហា ជា«ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស» ដើម្បីប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅកម្ពុជាយើង ៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister