នាយករដ្ឋមន្ត្រីកម្ពុជា ឆ្លើយតបទៅអ្នកវិភាគមួយចំនួនថា កម្ពុជា ជាប្រទេសក្រីក្រ ប៉ុន្តែមិនទាន់ដល់ដំណាក់កាលនៃរដ្ឋក្ស័យធននោះទេ គ្រាន់តែចំណាយលើពិធីបុណ្យអុំទូកមួយ


កាលពីសប្ដាហ៍កន្លងទៅនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចផ្អាកពិធីបុណ្យអុំទូក​ អកអំបុក បណ្ដែតព្រះទីប សំពះព្រះខែថ្នាក់ជាតិនៅទីក្រុងភ្នំពេញ ដោយឡែកនៅតាមបណ្ដាខេត្តនានាអាចរៀបចំពិធីនេះតាមលទ្ធភាព។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ពាក់ព័ន្ធនឹងសេចក្ដីប្រកាសនេះ មានមជ្ឈដ្ឋានមួយចំនួនបានវាយតម្លៃថាមូលហេតុដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្អាកការអុំទូកថ្នាក់ជាតិដោយហេតុថារដ្ឋាភិបាលខ្វះថវិកា។ យោងតាមសារសំឡេងពិសេសរបស់សម្ដេច នាព្រឹកនេះ សម្ដេចបានមានប្រសាសន៍ថា នេះជាការវិភាគដ៏ឆ្កួតលីលា។ សម្ដេច បានបញ្ជាក់ថា«ប្រទេសកម្ពុជា ជាប្រទេសក្រីក្រ ប៉ុន្តែកម្ពុជាមិនទាន់ដល់ដំណាក់កាលនៃរដ្ឋក្ស័យធននោះទេ យើងនៅតែមានលទ្ធភាពដើម្បីចំណាយលើពិធិបុណ្យអុំទូកមួយ ប្រសិនបើត្រូវរៀបចំ។

សម្ដេច បានលើកឡើងពីមូលហេតុពីរសំខាន់ ដែលសម្រេចចិត្តផ្អាកពិធីបុណ្យថ្នាក់ជាតិ។ ទីមួយបញ្ហាកូវីដ-១៩ មិនទាន់បញ្ចប់។ យើងបានលុបចោលបុណ្យអុំទូកទៅឆ្នាំ២០២០ ២០២១ និង២០២២ជាបន្តទៀត ដើម្បីបញ្ចៀសនូវការប្រមូលផ្ដុំទ្រង់ទ្រាយធំសម្រាប់ទីក្រុងភ្នំពេញ ដែលនាំមកនូវស្ថានភាពដ៏គ្រោះថ្នាក់មួយទៀត ប្រសិនបើមានការឆ្លងរាលដាល។

មូលហេតុទី២ គឺថ្ងៃបុណ្យអ៊ំទូកគឺចំថ្ងៃទី៧​ ៨ និងទី៩ ហើយ ដែលជាថ្ងៃទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីភីលីពីន ព្រមទាំងកិច្ចប្រជុំអាស៊ានដ៏ធំ មិនធ្លាប់មាននៅក្នុងប្រវត្តិនៃការប្រជុំអាស៊ាន ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១០ ១១ ១២ និង១៣ ខែកញ្ញា ឆ្នាំ២០២២ នៅកម្ពុជាយើង និងព្រះរាជទស្សនកិច្ចពីព្រះចៅស៊ូតង់មកកម្ពុជានៅថ្ងៃបន្ទាប់ទៀត។ ដូចនេះ រាជរដ្ឋាភិបាល ត្រូវត្រៀមការពារសន្តិសុខសម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន និងដៃគូអាស៊ាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលត្រូវមកប្រជុំនៅទីក្រុងភ្នំពេញ ក្នុងឋានៈជាម្ចាស់ផ្ទះទទួលខុសត្រូវ។

សម្ដេចបានបន្តថា « ក្នុងមួយខែយើងបានបញ្ចេញថវិកាប្រមាណ៤០លានដុល្លារដើម្បីជួយដល់ប្រជាជនក្រីក្រ និងផ្ដល់អាទិភាពសម្រាប់ប្រជាជនក្រីក្រ យើងមិនខ្វះលុយសម្រាប់ដោះស្រាយបញ្ហាត្រឹមបុណ្យអុំទូក ដែលចាយត្រឹម៤-៥លានដុល្លារតែប៉ុណ្ណោះ»៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister