«កម្ពុជា សង្កត់ធ្ងន់ចំពោះគោលជំហររបស់ខ្លួនក្នុងឯកភាពដើម្បីកិច្ចសហប្រតិបត្តិការ មិនមែន​ឯកភាពដើម្បីការប្រឈមមុខដាក់គ្នានោះទេ»


នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ កម្ពុជាបានបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងរដ្ឋមន្ត្រីការបរទេស ក៏ដូចជារដ្ឋមន្ត្រីជាន់ខ្ពស់នៃប្រទេសអាស៊ាន និងប្រទេសជាដៃគូ។

ថ្លែងក្នុងកិច្ចប្រជុំដ៏សំខាន់នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានលើកឡើងពីវឌ្ឍនភាពនានាដែលអាស៊ានសម្រេចបានលើសពីការរំពឹងទុក សម្រាប់រយៈពេល៥៥ឆ្នាំចាប់តាំងពីការកកើតឡើងរបស់អាស៊ាន រហូតដល់បច្ចុប្បន្ននេះ។ ស្របពេលជាមួយការសម្រេចបាននូវភាពរីកចម្រើនរួមគ្នានេះ អាស៊ានក៏បាននឹងកំពុងជួបនូវបញ្ហាប្រឈមមួយចំនួន ដែលបង្កឡើងដោយជំងឺឆ្លង ការប្រែប្រួលអាកាសធាតុ  និងគ្រោះថ្នាក់នៃការប្រជែងគ្នានៃមហាអំណាច បញ្ហាសង្រ្គាមនៅអ៊ុយក្រែន បញ្ហាសមុទ្រចិន និងបញ្ហានៅមីយ៉ាន់ម៉ា ដែលបានជះឥទ្ធិពលអាក្រក់ដល់ប្រទេសក្នុងតំបន់ដូចជា ការកាត់ផ្ដាច់សេដ្ឋកិច្ច និងបច្ចេកវិទ្យា ការប្រណាំងប្រជែងផ្នែកសព្វាវុធ និងការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ច បង្កជាផលរំខានយ៉ាងធ្ងន់ធ្ងរលើសន្ដិសុខស្បៀង និងថាមពល ពិភពលោកបែកខ្ញែក ប្រឈមនឹងបញ្ហាសន្តិសុខបែបប្រពៃណី និងមិនប្រពៃណីជាដើម។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនេះ កម្ពុជា ក្នុងនាមប្រធានអាស៊ានឆ្នាំនេះ បានកំណត់មូលបទ កៀងគរកិច្ចខិតខំប្រឹងប្រែង ប្រមូលផ្ដុំស្មារតី ដើម្បីអាចដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍តែមួយ។

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «កម្ពុជា សង្កត់ធ្ងន់ចំពោះគោលជំហររបស់ខ្លួនក្នុងឯកភាពដើម្បីកិច្ចសហប្រតិបត្តិការ មិនមែន​ឯកភាពដើម្បីការប្រឈមមុខដាក់គ្នានោះទេ។ យើងផ្ដល់អាទិភាពលើសន្ដិភាពខ្ពស់ជាងអ្វីទាំងអស់»។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលនៃរដ្ឋមន្ត្រីការបរទេសអាស៊ានបានខកខានរយៈពេល៣ឆ្នាំកន្លងមកហើយ ដោយសារតែផលរំខាននៃជំងឺរាតត្បាតកូវីដ-១៩។ ដ្បិតកូវីដ-១៩ នៅមិនទាន់រលាយបាត់ ប៉ុន្តែក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ កម្ពុជាមានលទ្ធភាពក្នុងការបើកកិច្ចប្រជុំដ៏សំខាន់នេះ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការគ្រប់គ្រងជំងឺឆ្លងបានយ៉ាងល្អប្រសើរ និងទំនួលខុសត្រូវខ្ពស់ ដែលមានការទទួលស្គាល់ដោយបណ្ដាប្រទេសក្នុង និងក្រៅតំបន់។

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodia Prime Minister