ចិន ស្នើឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានបដិសេធរាល់ការប៉ុនប៉ងដែលប្រែក្លាយវេទិកាសហប្រតិបត្តិការអាស៊ីបូព៌ាទៅជាហ្គេមសម្រាប់មហាអំណាចធំៗ


កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីស្តីពីធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងកិច្ចប្រជុំមួយដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រ​ប់ជ្រុងជ្រោយ។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ។

លោក Wang Yi បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍នេះ ដោយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យកសិកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកក៏បានជំរុញឱ្យភាគីទាំងពីរពង្រឹងការសម្របសម្រួលក្នុងកិច្ចការពហុភាគី ប្រកាន់ខ្ជាប់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន និងបដិសេធរាល់ការប៉ុនប៉ងដើម្បីប្រែក្លាយវេទិកាសហប្រតិបត្តិការអាស៊ីបូព៌ាទៅជាវេទិកាសម្រាប់មហាអំណាចធំៗក្នុងការលេងហ្គេម។

រដ្ឋមន្ត្រីការបរទេសចិនរូបនេះ ទើបតែបានបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃទៅកាន់ប្រទេសអាស៊ាន។ លោកបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងការសម្របសម្រួលយុទ្ធសាស្ត្ររបស់ប្រទេសចិនជាមួយ ប្រទេសជិតខាង។

លោកបានបន្តថា «វាជាការពិតដែលចិនមានសកម្មភាពសហប្រតិបត្តិការជាច្រើន ហើយបានទំនាក់ទំនងស៊ីជម្រៅជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសធំៗ ប៉ុន្តែការផ្តោតសំខាន់គឺពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រជាមួយប្រទេសជិត។ ដោយសារតែយើងទាំងអស់គ្នាដឹងហើយថា តំបន់របស់យើងមិនគួរត្រូវបានធ្លាក់ចូលទៅក្នុងភាពវឹកវរនោះទេ។ យើងមិនគួរបង្កើតការប្រឈមមុខដាក់គ្នារវាងមហាអំណាច និងបក្សពួកផ្សេងគ្នា ឬអនុញ្ញាតឱ្យមានសង្រ្គាមត្រជាក់កើតឡើងក្នុងតំបន់នោះទេ។ ដូច្នេះខ្ញុំគិតថា គោលជំហររួមរបស់យើង និងសំឡេងរួមរបស់យើងគឺរក្សាតំបន់និយមបើកចំហ តស៊ូមតិពហុភាគីនិយមពិតប្រាកដ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រកបដោយប្រសិទ្ធភាពជាមួយអាស៊ានជាស្នូល។ ជាមួយគ្នានេះ តាមរយៈកិច្ចប្រជុំពហុភាគី យើងនឹងពង្រឹងសាមគ្គីភាព និងការសម្របសម្រួល ធ្វើឱ្យសំឡេងរបស់យើងកាន់តែឮឡើង ដើម្បីដាក់ចេញនូវសំណើផ្សេៗ ហើយអាចឱ្យអាស៊ីដើរតួនាទីកាន់តែសកម្ម និងសំខាន់នៅក្នុងពិភពលោកដ៏ច្របូកច្របល់ និងការប្រែប្រួលនាពេលបច្ចុប្បន្ននេះ»។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការ ជំរុញឱ្យមានសម្ទុះសេដ្ឋកិច្ចនៃបណ្ដាប្រទេសអាស៊ានជាពិសេសសម្រាប់កម្ពុជា។ ជាក់ស្ដែង នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ​មានតម្លៃ២៧.២ពាន់លានដុល្លារ កើនឡើង២០% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ជាមួយនឹងកំណើនខ្ពស់នៃការនាំចេញត្រូវបានជំរុញដោយសកម្មភាពសេដ្ឋកិច្ចសង្គម ទំនាក់ទំនងពាណិជ្ជកម្ម ក្នុងភាពជាដៃគូសេដ្ឋកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Hor Namhong, Cgtn, Fibre2Feshion.com