កម្ពុជា-ថៃ ចុះអនុស្សរណៈផ្លាស់ប្តូរជំនាញបច្ចេកទេស ដើម្បីបង្រ្កាបក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណេត


កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានអនុម័តលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលនៃប្រទេសថៃ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធអ៊ីនធឺណេត។ 

នៅក្រោមអនុស្សរណៈនេះ មន្ត្រីនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរជំនាញបច្ចេកទេស និងវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពសម្រាប់ការបង្រ្កាបក្រុមក្មេងទំនើង ដែលតែងបោកប្រាស់តាមទូរស័ព្ទ។ ភាគីទាំងពីរ នឹងតែងតាំងអ្នកសម្របសម្រួលដើម្បីជួយសម្រួលដល់ការស៊ើបអង្កេត និងការចងក្រងភស្តុតាងនៅក្នុងប្រទេសថៃ និងកម្ពុជា រួមទាំងទិន្នន័យអ្នកប្រើប្រាស់សេវាទំនាក់ទំនងជាសំឡេងនៅលើអ៊ីនធឺណេត ដើម្បីអាចចាប់ជនល្មើសបាន។

គួររម្លឹកផងដែរថា កន្លងបទល្មើសនៃការឆបោកតាមប្រព័ន្ធអនឡាញ បានកើតឡើងជារឿយៗ និងមានប្រជាជនមួយចំនួនបានក្លាយជាជនរងគ្រោះដោយសារបញ្ហានេះ បើទោះបីជាមានការផ្សព្វផ្សាយ និងពន្យល់ណែនាំយ៉ាងទូលំទូលាយក៏ដោយ។

យ៉ាងណាមិញ អនុស្សរណៈនៃការយោគយល់នេះ មានទិសដៅសំខាន់ពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ជាពិសេសរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់ពីជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យទំនាក់ទនងដែលមានស្រាប់កាន់តែរឹងមាំ និងលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមករវាងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការរួមគ្នាដោះស្រាយការឆបោកតាមប្រព័ន្ធអនឡាញ៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ Ministry of Post and Telecommunications, Vietnam Plus