ឯកឧត្តម ហង់ ជួនណារ៉ុន «គោលដៅនៃការអប់រំរបស់យើង គឺធ្វើយ៉ាងណាឱ្យគ្រូបង្រៀនគឺជាតួឯកនៅក្នុងសង្គមជាតិ»
ការអប់រំ គឺជាអ្វីដែលមិនអាចខ្វះបាន សម្រាប់បុគ្គលគ្រប់រូប ក៏ដូចជាក្នុងសង្គមជាតិទាំងមូល។ ការពង្រឹងមូលដ្ឋានគ្រឹះនៃវិស័យអប់រំ ប្រៀបដូចជាការសាងគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសជាតិ ដើម្បីសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យប្រកបដោយចីរភាព ដោយសមត្ថភាព និងធនធាន ដែលជាសមិទ្ធផលបានមកពីការអប់រំ។
ការអប់រំជារឿងដ៏លំបាកមួយ ជាពិសេសស្ថិតក្នុងបរិបទនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩កន្លងមក។ ប៉ុន្តែគោលនយោបាយនៃការអប់រំនៅតែបន្ត ធ្វើយ៉ាងណាឱ្យសិស្សានុសិស្សកម្ពុជាមានលទ្ធភាពទទួលបានចំណេះដឹងពិតប្រាកដ និងមានអនាគតល្អ ដែលសុទ្ធសឹងបានមកពីការរួមចំណែកដែលមិនអាចខ្វះបានរបស់គ្រូបង្រៀនដែលជាឆ្អឹងខ្នងនៃវិស័យអប់រំ។
យ៉ាងណាមិញ «គោលដៅនៃការអប់រំរបស់យើង គឺគុណភាពគ្រូ កិត្តិយសគ្រូ ការងាររបស់គ្រូគឺជាអាទិភាព។ ដូច្នេះ យើងនឹងខិតខំប្រឹងប្រែង ដើម្បីឱ្យជីវភាពគ្រូបង្រៀនរបស់យើងកាន់តែល្អប្រសើរ ប្រាក់បៀវត្សក៏កាន់តែកើនឡើង លក្ខខណ្ឌការងារកាន់តែល្អប្រសើរ ការបណ្ដុះបណ្ដាលគ្រូក៏កាន់តែល្អ ជាពិសេសធ្វើយ៉ាងណាឱ្យសិស្សមានការគោរពចំពោះគ្រូ អាណាព្យាបាលសិស្សគោរពគ្រូ ហើយគ្រូគឺជាតួឯកនៅក្នុងសង្គមជាតិ»។ នេះជាប្រសាសន៍លើកឡើងដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងកម្មវិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៅស្រុកកងមាស ខេត្តកំពង់ចាមកាលពីពេលថ្មីៗកន្លងទៅនេះ។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា គោលដៅទាំងនេះមិនអាចសម្រេចបានភ្លាមៗទេ ត្រូវទាមទារពេលវេលាដ៏សមស្របមួយ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ក៏បានស្នើឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ រួមគ្នាកសាងប្រព័ន្ធអប់រំមួយដ៏មានគុណភាពដែលអាចប្រណាំងប្រជែងជាមួយនឹងប្រទេសជិតខាងបាន។ ជាមួយគ្នានេះ សមត្ថភាពល្អរបស់គ្រូ ក៏ជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនឡើង ពិសេសគឺធ្វើយ៉ាងណាឱ្យកេរ្តិ៍ឈ្មោះគ្រូ កិត្តិនាមគ្រូបង្រៀន លេចអណ្ដែតឡើង ហើយមានការទទួលស្គាល់ និងការឱតម្លៃក្នុងសង្គម
ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ MoEYS Cambodia