សម្ដេច ហ៊ុន សែន «ការគោរពឯករាជ្យ អធិបតេយ្យភាពរបស់អ៊ុយក្រែន ស្មើនឹងការគោរពឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា»


ជុំវិញបញ្ហាការឈ្លានពាន របស់រុស្ស៊ី ទៅលើអ៊ុយក្រែននៅតែជាចំណុចក្ដៅនៃអ្នកវិភាគអត្ថាធិប្បាយ។ ដោយឡែកកម្ពុជា ជាប្រទេសមួយក្នុងចំណោមស្ថាបនិកនៃសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ បានបោះឆ្នោតប្រឆាំងនឹងការ​ឈ្លានពាននេះចំនួន២លើក បើទោះបីជារស្ស៊ីជាមិត្តរបស់យើង ដែលមានទំនាក់ទំនងគ្នាតាំងពីទស្សវត្សទី៥០មកម៉្លេះក៏ដោយ។

ទន្ទឹមនឹងនេះ អ្នកអត្ថាធិប្បាយមួយចំនួនបានវិភាគពីជំហររបស់កម្ពុជាក្នុងការគាំទ្រអ៊ុយក្រែន ថានេះដោយសារតែកម្ពុជា ជាប្រទេសដែលមិនទាន់មាននាវាមុជទឹក និងកម្ពុជាជាប្រទេសដែលមិនមានកម្លាំងយោធាគ្រប់គ្រាន់ជាដើម។

ឆ្លើយតបទៅនឹងបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យអង្គឌួង ថា «ប្រសិនកម្ពុជា មានកម្លាំងយោធាគ្រប់គ្រាន់ តើកម្ពុជានឹងគាំទ្រការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែនឬ?» សម្ដេចបានបញ្ជាក់ថា កម្ពុជាក៏មិនត្រូវការនាវាមុជទឹក ឬយន្តហោះចម្បាំងនោះឡើយ បើទោះបីកម្ពុជា ជាមហាអំណាចលេខ១ នៅលើពិភពលោក ក៏កម្ពុជាមិនគាំទ្រការប្រើកម្លាំងដែរ។

សម្ដេចបញ្ជាក់ថា ជំហរផ្លូវការរបស់កម្ពុជា​ គឺការប្រឆាំងជានិច្ច។ យើងអនុវត្តនយោបាយការបរទេសដោយផ្អែកលើច្បាប់ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ យើងឈរខាងអ៊ុយក្រែន រួមទាំងប្រជាជាតិអ៊ុយក្រែនជានិច្ច ស្របទៅនឹងប្រសាសន៍របស់សម្ដេចដែលបានលើកឡើងថា« ការគោរពឯករាជ្យ និងអធិបតេយ្យភាពរបស់អ៊ុយក្រែន ស្មើនឹងការគោរពឯករាជ្យ អធិតេយ្យភាពរបស់កម្ពុជាដែរ» ដោយហេតុថាក្នុងអតីតកាល កម្ពុជាធ្លាប់ត្រូវបានគេឈ្លានពាន ទើបយើងថ្កោលទោស និងប្រឆាំងចំពោះអ្នកឈ្លានពាន មិនមែនចំពោះតែប្រទេសរុស្ស៊ីទេ យើងប្រឆាំងរាល់ការប្រើកម្លាំងទាំងឡាយ។

ទោះបីកម្ពុជា ជាប្រទសក្រីក្រ តែការសម្រេចចិត្តនេះ​ជាការបង្ហាញពីសមានចិត្តដ៏ធំធេងចំពោះប្រជាជនអ៊ុយក្រែន ដែលកំពុងជួបការលំបាក រសាត់ ខ្ចាត់ព្រាត់ ភៀសខ្លួនទៅប្រទេសនានាជុំវិញពិភពលោក។

យ៉ាងណាមិញ អំពីបញ្ហាការអត្ថាធិប្បាយ អ្នកដែលមានសិទ្ធិអត្ថាធិប្បាយពីគោលនយោបាយការបរទេសកម្ពុជា ក្រៅពីព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ មានតែនាយករដ្ឋមន្ត្រី និងក្រសួងការបរទេសប៉ុណ្ណោះ នេះបើយោងតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។ ចំពោះអ្នកអត្ថាធិប្បាយក្រៅពីនោះ មិនត្រូវបានចាត់ទុកថាជាការសម្រេចនៃនយោបាយការបរទេសកម្ពុជានោះទេ សម្ដេចចាត់ទុកថាគ្រាន់តែជាអ្នកសិក្សា អត្ថាធិប្បាយក្នុងរបៀបជាអ្នកសិក្សាតែប៉ុណ្ណោះ៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Samdech Hun Sen, Cambodian Prime minister