កម្ពុជាបន្តពង្រឹងវិស័យកសិកម្ម​ ខណៈវៀតណាមប្រកាសលើកលែងពន្ធលើការនាំចូលអង្ករចំនួន៣០០,០០០តោនពីកម្ពុជា នៅឆ្នាំនេះ


វិស័យកសិកម្ម ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចចម្បងមួយរបស់កម្ពុជា ដែលបានជួយពន្លឿនល្បឿនសេដ្ឋកិច្ច តាមរយៈការផ្គត់ផ្គង់តម្រូវការក្នុងស្រុក ក៏ដូចជាការនាំចេញផលិតផលកសិកម្មយ៉ាងសម្បូរបែបទៅកាន់ប្រទេសជាដៃគូពាណិជ្ជកម្មនាំចេញ-នាំចូល។ ទោះបីបច្ចុប្បន្ននេះ យើងកំពុងរស់នៅតាមគន្លងថ្មី ជាមួយបរិបទជំងឺឆ្លងកូវីដ-១៩ក៏ដោយ យ៉ាងណាមិញរាជរដ្ឋាភិបាលជារឿយៗ តែងតែគិតគូដល់ សង្វាក់ផលិតកម្ម និងជួយជំរុញ លើកទឹកចិត្តឱ្យប្រជាកសិករបន្តរួមចំណែក លើវិស័យនេះកាន់តែសស្រាក់សស្រាំ។

គ្រាប់ធញ្ញជាតិកម្ពុជា ត្រូវបានគេដឹងថាជាទិន្នផលកសិកម្មដ៏សំខាន់​ ដែលពុំត្រឹមតែបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ តែជាផលិតផលនាំចេញដ៏ចាំបាច់ ជាពិសេសសម្រាប់ការនាំចេញទៅប្រទេសជិតខាង គឺប្រទេសវៀតណាម។ ថ្វីត្បិតតែវៀតណាម ជាអ្នកនាំចេញអង្ករធំជាងគេមួយរបស់ពិភពលោកក៏ដោយ ប៉ុន្តែពាណិជ្ជករវៀតណាមមួយចំនួនធំ បាននាំចូលអង្ករពីកម្ពុជាទៅ ដើម្បីបំពេញការនាំចេញរបស់ពួកគេ។ថ្មីៗនេះយោងទៅតាមព័ត៌មានក្នុងស្រុករបស់វៀតណាមបានឱ្យដឹងថា រាជរដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា វៀតណាមនឹងលើកលែងពន្ធលើការនាំចូលអង្ករចំនួន៣០០,០០០តោនពីកម្ពុជា នៅឆ្នាំនេះ។

លក្ខខណ្ឌនេះ ក៏ជាកត្តាជំរុញឱ្យកម្ពុជាបន្តការខំប្រឹងប្រែងបន្ថែមទៀត លើការបង្កបង្កើនផល និងបន្តធ្វើតាមគន្លងប្រក្រតីភាពថ្មីដោយការយកចិត្តទុកដាក់តាមស្ថានភាពជាក់ស្ដែង ដែលវាជាប្រភពចំណូលប្រចាំខែ ជាផ្នែកមួយដែលធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរចាកចេញពីភាពក្រីក្រ ហើយនេះក៏ជាអ្វីដែលរាជរដ្ឋាភិបាលចង់បានក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្រ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងដំណើរបេសកកម្ម នាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត និងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញឱ្យមន្ទីរតាមខេត្តនានា ត្រួតពិនិត្យលទ្ធភាព ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាកសិករតាមការចាំបាច់។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ក្នុងគោលបំណងស្វះស្វែងរកជំនួយបន្ថែមដើម្បីយកមកជួយប្រជាកសិករឱ្យបានទាន់ពេលវេលា៕

ដោយ៖ ផាត់ គឹមឆែ

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ Sakhon Veng, REUTERS