«ការកំណត់យកយុវជនក្នុងការធ្វើជាប្រធានបទរបស់ទិវាវប្បធម៌ជាតិ មិនមែនជារឿងចៃដន្យនោះទេ»


សិល្បៈវប្បធម៌ ជាមរតកដ៏មានតម្លៃមហាសាលដែលបុព្វបុរសខ្មែរបានប្រឹងប្រែង ថែរក្សារាប់ជំនាន់បន្សល់ទុកជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រជាជាតិទាំងឡាយ។ ថ្ងៃទី០៣ ខែមីនា ឆ្នូ២០២២នេះ ជាទិវាវប្បធម៌ជាតិ លើកទី២៤ ដែលជាការរំលឹកដល់គុណូបការៈនៃដូនតាគ្រប់ជំនាន់ ដែលបានអភិរក្សនូវមរតកវប្បធម៌ជាតិ និងជាការអបអរសាទរ ការពារ លើកស្ទួយមរតកវប្បធម៌ឱ្យកាន់តែរន្ទឺឡើងតជំនាន់ទៀត។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ព្រមទាំងសិល្បករ សិល្បការនីជាច្រើនរូបទៀត ដែលចូលរួមសម្ដែងទម្រង់សិល្បៈទស្សនីយភាព ដើម្បីជាការអបអរសាទរ។  ប្រធានបទ អបអរសាទរទិវាវប្បធម៌ជាតិលើកទី២៤នេះគឺ «យុវជន ដើម្បីវប្បធម៌ជាតិ»។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា

ការកំណត់យកយុវជនក្នុងការធ្វើជាប្រធានបទរបស់ទិវាវប្បធម៌ជាតិ មិនមែនជារឿងចៃដន្យនោះទេ។ នេះជាសារមួយដើម្បីរំលឹកដាស់តឿនដល់យុវជនកម្ពុជា ឱ្យចូលរួមកាន់តែសកម្មក្នុងការងារភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ជាតិឱ្យសមនឹងពាក្យស្លោក «កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌»។ ទន្ទឹមនឹងនេះ ក៏ជាអាទិភាពគន្លឹះមួយនៅក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួង ដើម្បីអភិវឌ្ឍវប្បធម៌ជាតិផងដែរ។ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោក ជំទាវ បានបន្តថាការវិនិយោគលើយុវជន ដែលជាពលរដ្ឋសកម្ម និងទេពកោសល្យវ័យក្មេងនឹងនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានដល់ការអភិរក្ស ការលើកស្ទួយតម្លៃ និងការអភិវឌ្ឍវប្បធម៌ជាតិ។ ពិសេសនៅក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ ដែលក្នុងប្រទេសនៅក្នុងតំបន់ និងក្នុងពិភពលោកបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។ កម្លាំងយុវជនគឺជាសក្ដានុពលនៃធនធានមនុស្ស ដែលមិនអាចខ្វះបាននៅក្នុងការរួមចំណែកអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ។

គួររំលឹកផងដែរថា ទិវាវប្បធម៌ជាតិត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៩ ហើយត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗគ្នា ដោយយោងតាមបរិបទ និងអាទិភាពជាក់ស្ដែងនៃការងារវប្បធម៌ និងវិចិត្រសិល្បៈរបស់ប្រទេសកម្ពុជា៕

ដោយ៖ ផាត់ គឹមឆែ

កែសម្រួលដោយ៖ BRANDMEDIA ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ