កម្ពុជាបើកភ្លើងខៀវសម្រាប់វិនិយោគិននានា ក្នុងការស្វែងយល់ពីកម្ពុជា


ដោយ៖ ផាត់ គឹមឆែ

នេះជាជំហានបន្ទាប់ ដែលកម្ពុជាបាននឹងកំពុងខិតខំស្ដារឡើងវិញនូវវិស័យដ៏មានសក្ដានុពលនានារបស់ខ្លួនបន្ទាប់ពីការបើកប្រទេសជាផ្លូវការលើគ្រប់វិស័យ។ ក្នុងនោះ ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសនានា​ គឺជាមាគ៌ាដ៏សំខាន់ដែលយើងអាចផ្សព្វផ្សាយ ក៏ដូចជាផ្លាស់ប្ដូរបទពិសោធណ៍ និងយុទ្ធសាស្ត្រនានាដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

ទន្ទឹមនឹងឆ្នាំ២០២២នេះ កម្ពុជាយើងមាននាទីដ៏សំខាន់ក្នុងនាមជាប្រធានអាស៊ាន នាំឱ្យយើងកាន់តែមានអាទិភាពក្នុងការដឹកនាំ ផ្សព្វផ្សាយពីប្រទេសមួយនេះ ជំរុញឱ្យបរទេស និងបណ្ដាប្រទេសជិតខាងស្គាល់ពីកម្ពុជាកាន់តែច្រើន តាមរយៈវិស័យទេសចរណ៍ សេដ្ឋកិច្ច ពិសេសគឺទាក់ទាញឱ្យមានការចូលមកវិនិយោគទុនលើវិស័យនានារបស់កម្ពុជា។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយឯកឧត្តម ប៉ាន សូរស័ក្ដិ  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា ក្នុងឋានៈជាអគ្គស្នងការរបស់កម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក២០២០ឌុយបៃ បានដឹកនាំគណប្រតិភូកម្ពុជាអញ្ជើញចូលរួមអបអរសាទរពិធីប្រារព្ធ«ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោកឆ្នាំ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម។ ពិធីដ៏មហោឡារឹកនេះ បានប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ថានី​ ប៊ីនអាម៉េដអាល់ហ៊្សេរយូឌី​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ​ នៃសហភាពអារ៉ាប់រួម ភ្ញៀវជាតិ អន្តរជាតិ តំណាងឱ្យប្រទេសនានា ព្រមទាំងអង្គការអន្តរជាតិធំៗជាង៥០បន្ថែមទៀត។

ក្នុងពិធីនេះ ក៏មានការថ្លែងសុន្ទរកថាអបអរសាទរដោយប្រធានគណៈប្រតិភូប្រទេសទាំងពីរ កម្ពុជា-អារ៉ាប់រួម កម្មវិធីសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរ, កម្មវិធីបង្ហាញមុខម្ហូបខ្មែរចំនួន ០២ មុខ គឺអាម៉ុកត្រី និងគុយទាវភ្នំពេញដោយចុងភៅកម្ពុជាមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា, វេទិកាជំរុញការវិនិយោគ និងទេសចរណ៍កម្ពុជា និងការសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរជូនពិភពលោកបានស្គាល់។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាតំណាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិននានា ដែលចង់ស្វែងរកឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងស្វាគមន៍ទេសចរអន្តរជាតិទាំងទ្បាយ ដែលមានបំណងទៅទស្សនាកម្ពុជា ដើម្បីស្វែងយល់ពីសម្បត្តិវប្បធម៌ អរិយធម៌ និងធនធានធម្មជាតិដ៏សម្បូរបែប ដែលនៅមានឋិតថេរពីបុរាណរហូតមកដល់បច្ចុប្បន្ន។

យ៉ាងណាមិញ ភាគីអារ៉ាប់រួមបានលើកឡើងថា «អារ៉ាប់រួមមានមោទនភាពចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកម្ពុជា ដែលមានភាពរីកចម្រើនក្នុងវិស័យផ្សេងៗជាច្រើនឆ្នាំកន្លងមក ហើយសង្ឃឹមថានឹងពង្រឹងភាពជាដៃគូដែលមានស្រាប់រវាងប្រទេសទាំងពីរ ស្វែងរកកិច្ចសហការ និងឱកាសផ្លាស់ប្តូរចំណេះដឹងក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាកសិកម្ម  វិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា កម្ពុជាបានបង្ហាញក្ដីរំពឹងថា តាមរយៈពិព័រណ៍ពិភពលោកឌុយបៃ នាពេលនេះនឹងធ្វើឱ្យពិភពលោកស្គាល់ និងចាប់អារម្មណ៍លើកម្ពុជា កាន់តែច្រើនឡើងថែមទៀត។ ការរៀបចំវេទិការជំរុញការវិនិយោគ និងទេសចរណ៍នាពេលនេះ នឹងទាក់ទាញវិនិយោគគិន និងទេសចរណ៍អន្តរជាតិបានច្រើនថែមទៀតចូលមកកម្ពុជា៕

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce, Sharjah24