ទូតអាមេរិកប្រចាំនៅកម្ពុជា ផ្ដល់ជំនួយថវិកាចំនួន ៥៧ ០០០ ដុល្លារអាមេរិក សម្រាប់ការអភិរក្សវប្បធម៌នៅតំបន់ប្រាសាទព្រះវិហារ និងកោះកេរ


ដើម្បីអបអរសាទរខួប ២៥ ឆ្នាំនៃមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសម្រាប់ការអភិរក្សវប្បធម៌ (AFCP) និងខួប ២៥០ ឆ្នាំនៃឯករាជ្យភាពរបស់សហរដ្ឋអាមេរិក លោកស្រី Katherine Diop ទីប្រឹក្សាផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក បានប្រកាសអំពីជំនួយថវិកាថ្មី ចំនួន ៥៧ ០០០ ដុល្លារអាមេរិក សម្រាប់ការអភិរក្សវប្បធម៌ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី ១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារ ដែលបានប្រារព្ធនៅខេត្តសៀមរាប។

សូមបញ្ជាក់ថា ថវិកានេះនឹងពង្រីកកម្មវិធីវិញ្ញាបនបត្របណ្តុះបណ្តាលការអភិរក្សកម្រិតវិជ្ជាជីវៈសម្រាប់មេការ និងអ្នកបច្ចេកទេស សម្រាប់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងកោះកេរ ដោយមូលនិធិប្រាសាទពិភពលោក និងអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្តើមដំបូងនៅរមណីយដ្ឋានអង្គរ ក្នុងឆ្នាំ ២០២៤។

ដោយឡែក គម្រោងនេះនឹងផ្តល់វិញ្ញាបនបត្រដល់មេការ និងអ្នកបច្ចេកទេសជនជាតិខ្មែរបន្ថែមចំនួន ៤០ រូប ដោយវិនិយោគផ្ទាល់លើអ្នកជំនាញក្នុងស្រុក ដើម្បីកសាងកម្លាំងពលកម្មដែលមានជំនាញ និងភាពធន់ ដែលនឹងជួយការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌របស់កម្ពុជាសម្រាប់ជំនាន់ក្រោយៗទៀត៕

ប្រភព៖ U.S Embassy Phnom Penh, Cambodia