កូរ៉េខាងជើង និងរុស្ស៊ី បើកសម្ពោធស្ពានឆ្លងព្រំដែនថ្មី និងចាត់ទុកជានិមិត្តរូបនៃចំណងមិត្តភាពរវាងភាគីទាំងពីរ


មូស្គូ៖ ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានបើកសម្ពោធ ស្ពានឆ្លងព្រំដែនថ្មី ដែលជានិមិត្តរូបនៃចំណងមិត្តភាព និងសមិទ្ធផលដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ និងត្រូវបានចាត់ទុកថា ជាការឈានទៅមុខក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ។

ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានគូសបញ្ជាក់ថា ស្ពានថ្មីនេះឆ្លងកាត់ទន្លេ Tumen និងស្ថិតនៅក្បែរស្ពាន «Friendship Bridge» ដែលជាស្ពានផ្លូវដែក តភ្ជាប់ប្រទេសទាំងពីរ និងបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៥៩ បន្ទាប់ពីសង្គ្រាមកូរ៉េ មកម្លេះ។

បច្ចុប្បន្ន កូរ៉េខាងជើង និងរុស្ស៊ី ក៏មានការតភ្ជាប់ផ្លូវអាកាស និងផ្លូវដែកបន្ថែម រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងផងដែរ។ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានបន្តនិយាយថា ស្ពានថ្មីនេះ នឹងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ ព្រមទាំងអាចបង្កើតឱកាសការងារថ្មីៗ។

ជាមួយគ្នានេះ លោក Mishustin បានលើកឡើងថា «ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឆ្លងព្រំដែន នឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌រវាងប្រទេសទាំងពីរ»។

យ៉ាងណាមិញ ការសាងសង់ស្ពាននេះ បានចំណាយពេលពិភាក្សាទ្វេភាគីអស់ជាច្រើនឆ្នាំ និងបានចាប់ផ្តើមស្ថាបនានៅខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីមានការព្រមព្រៀងសាងសង់ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់កូរ៉េខាងជើងកាលពីឆ្នាំ២០២៤។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី កាន់តែជិតស្និទ្ធចាប់តាំងពីរុស្ស៊ីចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែនក្នុងឆ្នាំ២០២២។ ក្នុងនោះផងដែរកូរ៉េខាងជើង ក៏បានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់តំបន់ Kursk របស់រុស្ស៊ី ដើម្បីជួយរុស្ស៊ីទប់ទល់នឹងការវាយលុករបស់អ៊ុយក្រែនក្នុងឆ្នាំ២០២៤។

ប្រភព៖ NBC