ភាគីកម្ពុជា-វៀតណាមរួមគ្នាស្ដារឡើងវិញលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ


ដោយ៖ ផាត់ គឹមឆែ

ក្រោយពីបន្ធូរដៃពីសមរភូមិនៃកូវីដ-១៩ ប្រទេសកម្ពុជារួមទាំងប្រទេសជិតខាងនានា សម្រុកបោះជំហានអនុវត្តវិធានការក្នុងការស្ដារឡើងវិញនូវរាល់វិស័យនានា ទាំងរដ្ឋនិងឯកជនយ៉ាងពេញកម្លាំង។ ភាពអសកម្មដែលបណ្ដាលមកពីវិបត្តិនៃជំងឺឆ្លង បានបង្អាក់ដំណើរឈានទៅមុខនៃសេដ្ឋកិច្ចជាតិនីមួយៗមួយរយៈធំ ដែលទាមទារឱ្យកម្ពុជានិងបណ្ដាប្រទេសជិតខាងជំរុញសម្ទុះនៃការងើបឡើងវិញនូវគ្រប់វិស័យឱ្យបានឆាប់រហ័សក្នុងស្ថានភាពមួយដែលរលកឆ្លងកំពុងស្ងប់ស្ងាត់ និងថមថយចុះនេះ ដើម្បីប៉ះប៉ូវដល់សក្ដានុពលនៃកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការយកចិត្តទុកដាក់ក្នុងការស្ដារវិស័យទេសចរណ៍ ឱ្យត្រលប់មករកប្រក្រតីភាពវិញ​ ដោយកន្លងមកមានការបើកសាកល្បងយុទ្ធសាស្ត្រទេសចរណ៍វ៉ាក់សាំង ព្រមទាំងកិច្ចសហការជាមួយបណ្ដាប្រទេសជិតខាងដើម្បីពង្រឹង និងពង្រីកវិស័យមួយនេះឱ្យមានសក្ដានុពល។​ ជាក់ស្ដែង នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ  ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-វៀតណាម លើកទី២ នៅខេត្តកែប ដោយមានការចូលរួមផ្ទាល់ និងអនឡាញ (Hybrid) ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងភាគីវៀតណាមដែលដឹកនាំដោយលោក Ha Van Sieu អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។ នេះ បើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។

ភាគីកម្ពុជា-វៀតណាមចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការបើក និងស្តារឡើងវិញលើវិស័យទេសចរណ៍នៃប្រទេសនីមួយៗ។ ភាគីទាំងពីរបានពិនិត្យឡើងវិញលើផែនការសកម្មភាពមួយចំនួន ដែលបានឯកភាពគ្នាអនុវត្តកិច្ចប្រជុំក្រុមការងាររួមស្តីអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-វៀតណាម លើកទី១ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ប្រទេសប្រ៊ុយណេដារូស្សាឡឹម កន្លងមក។ ក្រោយពីបានបញ្ចប់កិច្ចប្រជុំភាគីទាំងពីរបានឯកភាពអនុវត្តកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នាមួយចំនួនដូចជា៖

១- ជំរុញឲ្យមានការចាប់ផ្តើមហោះហើរឡើងវិញរវាងកម្ពុជានិងវៀតណាម និងបន្តពិចារណារលើការជំរុញទេសចរណ៍បើកបរដោយខ្លួនឯងដោយមានការសម្របសម្រួលការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹកនៅពេលដែលអាជ្ញាធរនៃប្រទេសទាំងពីរបើកព្រំដែនឡើងវិញ។

២- ធ្វើការផ្សព្វផ្សាយនិងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ“ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានា និងពិចារណាផ្សព្វផ្សាយទេសចរណ៍បីប្រទេសរួមគ្នា គឺកម្ពុជា ឡាវ វៀតណាម នៅព្រឹត្តិការណ៍ World Travel Market 2022 នៅទីក្រុងឡុងដ៍។ បន្ថែមលើពីនេះ កម្ពុជាក៏បានស្នើធ្វើកម្មវិធីនេះក្នុងព្រឹត្តិការណ៍ Dubai Expo 2022 នៅទីក្រុងឌូបៃផងដែរ។

៣- រួមគ្នាជំរុញទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញរវាងប្រទេសទាំងពីរ និងប្រទេសទី៣ ដោយធានានូវយន្តការសុវត្ថិភាពនានា និងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក។

៤- កម្ពុជាស្វាគមន៍ និងអរគុណវៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តួចផ្តើមលើការកំណត់ការងារអនុវត្តសម្រាប់ប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម នៃផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ២០២០-២០២៥ ចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៣០។

៥- វៀតណាមនឹងផ្សព្វផ្សាយក៏ដូចជាជំរុញដល់ផ្នែកសាធារណៈនិងឯកជនរបស់ខ្លួនឲ្យចូលរួមផ្ទាល់ក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ដែលនឹងប្រព្រឹត្តឡើងនៅខែមករា ឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា។

៦- ជំរុញនិងលើកទឹកចិត្តក្នុងការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍នានាក្នុងឆ្នាំ២០២២ ដើម្បីអបអរសាទរខួបលើកទី៥៥នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម។

៧- ជំរុញឲ្យផ្នែកឯកជននៃប្រទេសទាំងពីរពិចារណាលើការតភ្ជាប់រវាងកំពង់ផែទេសចរណ៍អន្តរជាតិកម្ពុជា កោះទេសចរណ៍មួយចំនួនរបស់វៀតណាម ក៏ដូចជាទេសចរណ៍នាវាតាមទន្លេមេគង្គផងដែរ។

៨- សហការនិងផ្លាស់ប្តូរបទពិសោធន៍សម្រាប់ការផ្សព្វផ្សាយទេសចរណ៍នៅក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣១ ដែលវៀតណាមជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ និងកម្ពុជាជាម្ចាស់ផ្ទះ SEA Games លើកទី៣២ នៅឆ្នាំ២០២៣។

ជាកិច្ចបញ្ចប់ ភាគីវៀតណាមបានបង្ហាញពីការប្តេជ្ញាក្នុងការចូលរួមព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុដោយផ្ទាល់ឲ្យខានតែបាន និងបញ្ជាក់ពីការជំរុញធ្វើយ៉ាងណាឲ្យផែនការសកម្មភាពរួមដែលបានព្រមព្រៀងគ្នានាកិច្ចប្រជុំនេះ បានអនុវត្តចេញជាលទ្ធផលផ្លែផ្កាពិតប្រាកដ ដែលចាប់ផ្តើមពីឆ្នាំ2022 តទៅ។

កែសម្រួលដោយ៖ BRANDMEDIA