ក្រសួងការងារ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមគ្នាជំរុញការផ្លាស់ប្តូរឧស្សាហកម្មកម្ពុជាក្នុងវិស័យកែច្នៃកសិផល និងយានយន្តអគ្គិសនី
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការត្រៀមកម្លាំងពលកម្មកម្ពុជាសម្រាប់អន្តរកាលបៃតង៖ ជំនាញសម្រាប់ឧស្សាហកម្មយានយន្តអគ្គិសនី និងកែច្នៃកសិផលដែលកំពុងមានសក្តានុពល នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood Phnom Penh។




ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ការរៀបចំសិក្ខាសាលានេះ គឺពិតជាចំពេលវេលា ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងកម្លាំងពលកម្មដែលមានភាពបត់បែន មានសមត្ថភាព និងត្រៀមខ្លួនសម្រាប់អនាគត ដើម្បីជំរុញការផ្លាស់ប្តូរឧស្សាហកម្មកម្ពុជា ជាពិសេសក្នុងវិស័យកែច្នៃកសិផលកម្រិតខ្ពស់ និងវិស័យយានយន្តអគ្គិសនី។
លើសពីនេះ ឯកឧត្តមបន្តថា គំនិតផ្តួចផ្តើមនេះ ក៏ស៊ីចង្វាក់ជាមួយក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិ ខណៈការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងកើនឡើងដែលបញ្ជាក់ពីតម្រូវការបន្ទាន់ក្នុងការបំពាក់កម្លាំងពលកម្មនូវជំនាញបច្ចេកទេសកម្រិតខ្ពស់ ដើម្បីគាំទ្រ ផ្តល់សេវា និងធានានិរន្តរភាពដល់ទីផ្សារដែលកំពុងផ្លាស់ប្តូរ។
នាឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាមិនអាចពឹងផ្អែកតែលើកត្តាជំរុញកំណើនបែបប្រពៃណីនេះទេ គឺត្រូវធ្វើពិពិធកម្ម ទំនើបកម្ម និងឈានឡើងក្នុងខ្សែច្រវាក់តម្លៃសកល។ ទន្ទឹមនឹងការអភិវឌ្ឍការធ្វើដំណើរប្រកបដោយថាមពលបៃតង កម្ពុជាក៏កំពុងដឹកនាំបដិវត្តន៍ឧស្សាហកម្មកសិកម្មដ៏ទូលំទូលាយនៅទូទាំងប្រទេសផងដែរ។
ដោយឡែក ឯកឧត្តម បានគូសបញ្ជាក់ថា ការប្រែក្លាយយុវជនទៅជាកម្លាំងពលកម្មដែលមានជំនាញខ្ពស់ និងត្រៀមខ្លួនសម្រាប់អនាគត ជាពិសេសក្នុងវិស័យយានយន្តអគ្គិសនី និងវិស័យកែច្នៃកសិផល ជាអាទិភាពដ៏សំខាន់បំផុតសម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចជាតិ។ ហេតុនេះ កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ TVET បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម និងការផ្លាស់ប្តូរបច្ចេកវិទ្យា ដើម្បីជួយបិទគម្លាតរវាងការអប់រំ និងការងារ ពង្រឹងគុណភាពស្ថាប័ន TVET និងផ្តល់ជំនាញត្រៀមសម្រាប់អនាគតដល់យុវជន។
ជាងនេះទៅទៀត ឯកឧត្តម បានជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហការរវាងរដ្ឋាភិបាល ស្ថាប័ន TVET និងវិស័យឯកជន កម្ពុជាអាចកសាងប្រព័ន្ធ TVET ដែលឆ្លើយតបនឹងតម្រូវការទីផ្សារ បង្កើនភាពប្រកួតប្រជែងរបស់កម្លាំងពលកម្ម និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព អព្យាក្រឹតកាបូន និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលាពិភាក្សាប្រកបដោយស្ថាបនា និងផុសផុលលើប្រធានបទនេះ ដើម្បីបំប្លែងអនុសាសន៍យុទ្ធសាស្ត្រទាំងនេះទៅជាលទ្ធផលជាក់ស្តែង និងអាចអនុវត្តបាន។
ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ














