|

ភ្ញៀវទេសចរជាច្រើននាក់នៅខេត្តឈៀងម៉ៃប្រទេសថៃត្រូវទឹកជំនន់ហូរកួចភ្លាមៗខណៈកំពុងលេងទឹកធ្លាក់!


បាងកក៖ ទឹកជំនន់ភ្លាមៗបានហក់ឡើងយ៉ាងឆាប់រហ័សនៅតំបន់ទឹកធ្លាក់ Mae Sa ក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យភ្ញៀវទេសចរមួយចំនួន ដែលកំពុងលេងទឹក ត្រូវបានចរន្តទឹក បោកហូរទៅតាមទឹក ខណៈអ្នកទេសចរផ្សេងទៀត បានប្រញាប់រត់ចេញពីតំបន់គ្រោះថ្នាក់។

ហេតុការណ៍នេះ បានកើតឡើងប្រហែលម៉ោង ៣រសៀល ថ្ងៃទី១៥ នៅតំបន់ទឹកធ្លាក់ Mae Sa ស្ថិតក្នុងស្រុក Mae Rim ខេត្តឈៀងម៉ៃ ប្រទេសថៃ និងស្ថិតក្រោមការគ្រប់គ្រងរបស់ឧទ្យានជាតិ Doi Suthep-Pui។ តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិជាច្រើននាក់ រួមទាំងជនបរទេស កំពុងហែលទឹក និងថតរូបនៅតំបន់ទឹកធ្លាក់ ស្រាប់តែភ្លាមៗកម្រិតទឹកបានកើនឡើងយ៉ាងឆាប់រហ័ស។

សូមបញ្ជាក់ជូនថា នៅមុនពេលកម្រិតទឹកឡើងខ្ពស់ មន្ត្រីឧទ្យានបានសង្កេតឃើញ មានសញ្ញាមិនប្រក្រតី និងបានផ្លុំកញ្ចែព្រមានឱ្យភ្ញៀវទេសចរចាកចេញពីទឹក។ ប៉ុន្តែដោយសារទឹក បានហូរមកយ៉ាងលឿន អ្នកទេសចរមួយចំនួនមិនអាចចាកចេញបានទាន់ពេល។

ក្នុងហេតុការណ៍នោះ ភ្ញៀវទេសចរភាគច្រើនរងរបួសស្រាល ដូចជា ស្នាមជាំ និងរបួសតូចៗ ហើយត្រូវបានផ្តល់ជំនួយបឋមនៅកន្លែងកើតហេតុ។ ក្រោយហេតុការណ៍ អាជ្ញាធរបានដាក់ ទង់ក្រហម និងខ្សែព័ទ្ធហាមឃាត់ មិនឱ្យភ្ញៀវចូលទៅក្នុងទឹក ហើយបានសម្រេចបិទតំបន់នោះ ជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ រហូតដល់ស្ថានភាពធម្មជាតិវិលត្រឡប់មកប្រក្រតី។

ដោយឡែក អាជ្ញាធរថៃ ក៏បានព្រមានប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន ៣៩ ឱ្យត្រៀមខ្លួនប្រឈមនឹងហានិភ័យទឹកជំនន់ភ្លាមៗ និងការបាក់ដី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខណៈការព្យាករណ៍អាកាសធាតុបង្ហាញថា តំបន់ជាច្រើន អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ជាពិសេសនៅតំបន់ភាគខាងជើង និងភាគឦសាន។

ទោះជាយ៉ាងណា ហេតុការណ៍នេះក៏ជាការរំលឹកដល់ភ្ញៀវទេសចរថា តំបន់ទឹកធ្លាក់អាចប្រឈមនឹងទឹកជំនន់ភ្លាមៗ ទោះបីនៅកន្លែងកើតហេតុមិនមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ព្រោះទឹកអាចហូរចុះពីតំបន់ភ្នំខាងលើយ៉ាងឆាប់រហ័ស។ អាជ្ញាធរបានអំពាវនាវឱ្យភ្ញៀវទេសចរគោរពតាមការព្រមាន និងការណែនាំរបស់មន្ត្រីជំនាញជាដាច់ខាត។

ប្រភព៖ Khaosod English