ហេតុអ្វីកុមារចាំបាច់អានសៀវភៅទៅតាមកម្រិតលូតលាស់?


ដោយ៖ ង៉ាយ ណៃ

ពិតណាស់ ការអានមានតួនាទីសំខាន់ក្នុងការជួយអភិវឌ្ឍផ្នែកបញ្ញាស្មារតីដល់កុមារ តាមរយៈការផ្ទេរនូវចំណេះដឹងថ្មីៗ មានប្រយោជន៍នៅក្នុងកម្រងសំណេរនីមួយៗ។ ហើយការអានស្របតាមកម្រិតយល់ដឹង និងសមត្ថភាព កាន់តែបង្កលក្ខណៈងាយស្រួលសម្រាប់កុមារក្នុងការទទួលយកនូវបំណិនថ្មី និងជំរុញទឹកចិត្តកុមារឱ្យមានទម្លាប់អានជាប្រចាំ។

អ្នកស្រី ហួត សុជាតា អ្នកតំណាងរបស់សមាគមអាយប៊ីប៊ីវ៉ាយ កម្ពុជា (International Board on Books for Young People) ដែលជាស្ថាប័នធ្វើការជំរុញឱ្យមានការអានកាន់តែប្រសើរឡើងនោះ បានលើកឡើងថា ការអានគឺជាបំណិនដ៏សំខាន់ពុំអាចខ្វះបានសម្រាប់កុមារគ្រប់រូប ដើម្បីទុកធ្វើជាស្ពានឆ្ពោះទៅរកចំណេះដឹង និងជំនាញចាំបាច់នានា។ ហើយការអាននេះទៀតសោត ក៏មិនត្រូវរង់ចាំរហូតដល់កុមារចូលរៀននោះ។

អ្នកស្រី សុជាតា ពន្យល់បន្ថែមទៀតថា៖ «មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា ចាំ​កូន​ចូលរៀន​ថ្នាក់​បឋម​សិក្សា​ ​ចាំ​រៀន​អាន។ តែ​ការធ្វើ​បែប​នេះ កុមារ​នឹង​បាត់​បង់​ឱកាស​ច្រើន ព្រោះ​ថា​ការ​អភិវឌ្ឍ​ផ្នែក​ភាសា​ ធ្វើ​ឡើង​តាំង​ពី​កុមារ​ចេះ​និយាយ​ម្ល៉េះ។»

បើតាមអ្នកជំនាញដដែលនេះ ការអានគឺជារឿងស្មុគស្មាញ សម្រាប់កុមារ ដែលទើបនឹងចាប់ផ្ដើមរៀនអានជាលើកដំបូង ព្រោះវាទាមទារឱ្យពួកគេគិតច្រើន ក្នុងពេលធ្វើសកម្មភាពអានម្ដងៗ។ ដូច្នេះដើម្បីចៀសវាងកុំឱ្យកុមារបាក់ទឹកចិត្ត និងការបោះបង់ចោលការអាន អាណាព្យាបាលចាំបាច់ត្រូវ​ផ្ដល់​ឱកាស​អាន​ទៅ​កុមារ​ ទៅ​តាម​កម្រិតការ​លូត​លាស់​​របស់​ពួកគេ។

សៀវភៅ «តម្រូវការក្នុងការអានរបស់កុមារ» របស់អង្គការស៊ីប៉ា បានបង្ហាញច្បាស់ពីលក្ខណៈវិវឌ្ឍន៍ និងតម្រូវការផ្សេងគ្នារបស់កុមារទៅតាមវ័យនីមួយៗ។ ក្នុងនោះ កុមារដែលមានអាយុចន្លោះពី ០ (សូន្យ) ទៅ ៣ឆ្នាំ ជាវ័យដែលគេទើបនឹងរៀនចាប់កាន់របស់ និងពុំទាន់អាចអានបាននៅឡើយ។ ប៉ុន្តែក្នុង​វ័យនេះ គឺជាដំណាក់កាលដំបូង ហើយសំខាន់បំផុតក្នុងការទម្លាប់ឱ្យកុមារចាប់ផ្ដើមស្គាល់សៀវភៅ ដោយអនុញ្ញាតឱ្យគេបង្វិលសៀវភៅ ខាំកកេរ បើកទំព័រ គឺដើម្បីសប្បាយដៃ មិនមែនដើម្បីស្គាល់អត្ថន័យរបស់សៀវភៅឡើយ។

សៀវភៅនេះបានរៀបរាប់ទៀតថា ការទម្លាប់ឱ្យក្មេងចាប់កាន់សៀវភៅ មានសារៈសំខាន់ណាស់ ព្រោះទៅថ្ងៃមុខ កាយវិការនេះនឹងក្លាយជារឿងអូតូម៉ាទិច [ស្វ័យប្រវត្តិ]។ នេះគឺជាជំហានដំបូងបំផុតឆ្ពោះទៅរកការអាន ដោយហេតុថា នៅពេលចម្រើនវ័យធំជាងនេះបន្តិច គេនឹងឈានដល់ដំណាក់កាលមួយទៀតគឺការស្គាល់ពាក្យ សរសេរ ដែលជាការផ្ដុំរវាងព្យញ្ជនៈ និងស្រៈ តំណាងឱ្យរូបពិត។

ប្រភពដដែល ចំពោះកុមារអាយុចន្លោះពី ៣ ទៅ ៦ឆ្នាំវិញ ពួកគេចាប់ផ្ដើមចេះអាន និងយល់នូវអ្វីដែលពួកគេមើល។  ក្នុងវ័យនេះ អាណាព្យាបាលគួរជ្រើសរើសសៀវភៅរឿងសាមញ្ញា ខ្លី (ប្រហែល៥ ទៅ៦ទំព័រ) និងជារឿងដែលធ្វើឱ្យពួកគេចាប់អារម្មណ៍។ រឿងទាំងនោះ អាចជារឿងដែលបណ្ដុះគំនិតឱ្យពួកគេចេះស្រមើស្រមៃ រឿងនិទានបែបប្រជាប្រិយ និងរឿងដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

អ្នកស្រី សុជាតា រៀបរាប់ថា ការអានមិនតម្រូវឱ្យអានតែសៀវភៅនោះទេ ពោលគឺការធ្វើលំហាត់អានអាចធ្វើបាននៅគ្រប់ទីកន្លែងដូចជា ការអានលើខិតប័ណ្ណ ចំណងជើងកាសែត អក្សរលើអាវយឺត ឈ្មោះយីហោហាង ជាដើម។ ហើយដើម្បីឱ្យកុមារមានទម្លាប់អាន អាណាព្យាបាលចាំបាច់ត្រូវធ្វើជាគំរូ និងលើកទឹកចិត្តកុមារ តាមរយៈការបង្កើតឱ្យមានបណ្ណាល័យនៅផ្ទះ ហើយចំណាយពេលអានជាមួយពួកគេ។

អ្នកស្រី សុជាតា បន្ថែមថា៖ «ការ​រៀន​អាន​ជា​រឿង​ស្មុគ​ស្មាញ ដូច​រៀន​ជិះ​កង់​ដំបូង​អ៊ីចឹង គឺ​ត្រូវ​ដឹង​ថា​ពេល​ណា​ត្រូវប្រើ​​ធាក់​ឈ្នាន់ ប្រើ​ដៃ​ចាប់​ហ្វ្រាំង ប្រើ​ភ្នែក​មើល​ផ្លូវ ប្រើ​កម្លាំង​ទប់​លំនឹង ។ល។ កុមារ​រៀន​អាន​ដំបូង​ ក៏​ត្រូវ​មាន​រ៉េផ្លិច [បត់បែន]​ច្រើន​បែប​នេះ​ដែរ។ ការអាន​ត្រូវ​ប្រើ​ការ​គិត​ច្រើន ព្រោះ​ទីមួយ​ គឺ​ការ  ​«អាន​ដាច់» និង​ទីពីរ​ គឺ ​«អាន​យល់​ន័យ»ប៉ុន្តែកុមារ​ដែល​ចេះ​អាន​បាន​ល្អ ច្រើន​តែ​រៀន​សូត្រ​លឿន​ជាង​កុមារ​ដែល​មិន​មាន​ទម្លាប់​អាន។ គេ​ក៏​ពូកែ​ត្រិះរិះ​ ចេះ​ផ្ដល់​យោបល់ ពូកែ​ចាំ និង​ទទួល​បទពិសោធន៍​ច្រើន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ»

ក្នុងគោលបំណងលើកកម្ពស់ការអាន និងផ្សារភ្ជាប់អំណានរវាងអាណាព្យាបាល និងកុមារ ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតនូវយុទ្ធនាការ «ថ្ងៃអាទិត្យ ថ្ងៃអំណាន» ដើម្បីលើកទឹកចិត្តអាណាព្យាបាលឱ្យងាកមកចំណាយពេលអានសៀវភៅជាមួយកុមារយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្ដាហ៍ជាពិសេសថ្ងៃអាទិត្យ។ យុទ្ធនាការនេះ ក៏ជាផ្នែកមួយជួយគាំទ្រដល់កម្មវិធី «កុមាររៀន កុមារចេះ» របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមជំនួយឧបត្ថម្ភពីគម្រោង All Children Reading-Cambodia របស់ USAID។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រដល់យុទ្ធនាការ «ថ្ងៃអាទិត្យ ថ្ងៃអំណាន» ដោយលោកបានលើកឡើងថា ការចំណាយពេលអានរវាងអាណាព្យាបាល និងកុមារបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ ដោយពួកគេអាចរៀនសូត្រផ្ទាល់ពីអាណាព្យាបាលបន្ថែមនូវអ្វីដែលពួកគេបានរៀននៅសាលា។

រដ្ឋមន្ត្រីរូបនេះបន្តទៀតថា៖ «អំណានគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សា និងស្វែងយល់លើគ្រប់មុខវិជ្ជាជាពិសេសការលើកកម្ពស់ការសិក្សាភាសាខ្មែរ គណិតវិទ្យានៅថ្នាក់ដំបូងនៃបឋមសិក្ស»  

មានទីលំនៅក្នុងរាជធានីភ្នំពេញ អ្នកស្រី កាឡូ សូរីតា អនុប្រធានគម្រោងនៃស្ថាប័នឯកជនមួយ បានប្រាប់ថា អ្នកស្រីតែងអានសៀវភៅជាមួយកូនស្រីដែលមានអាយុជាងពីរឆ្នាំជារៀងរាល់ថ្ងៃ។ តាមរយៈការអានជាប្រចាំ អ្នកស្រីអះអាងថា កូនរបស់អ្នកស្រីមានការវិវឌ្ឍផ្នែកភាសាច្រើន។

អ្នកស្រីសូរីតាបញ្ជាក់ថា៖ «ខ្ញុំតែងចំណាយពេលអានសៀវភៅជាមួយកូនស្រីរបស់ខ្ញុំជារៀងរាល់ថ្ងៃ ជាពិសេសនៅក្រោយពេលគាត់ (កូនស្រី) ភ្ញាក់ពីគេងពេលព្រលឹម មុនពេលគាត់គេងពេលថ្ងៃ និងមុនចូលគេងពេលយប់។ កូនស្រីរបស់ខ្ញុំឆាប់ចេះនិយាយបានច្រើន និងមានការវិវឌ្ឍផ្នែកភាសាបានល្អ ដោយសារគាត់មានទម្លាប់អានសៀវភៅជាប្រចាំ។ លើសពីនេះ ការអានសៀវភៅក៏ផ្នែកមួយជួយជំរុញឱ្យគាត់ អាចកាត់បន្ថយការចំណាយពេលជាមួយទូរសព្ទបានច្រើនផងដែរ។ ហើយខ្ញុំ និងកូនស្រីមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ដោយសារយើងតែងចំណាយពេលធ្វើសកម្មភាពផ្សេងៗ ក្នុងការរស់នៅប្រចាំថ្ងៃជាមួយគ្នា ជាពិសេសគឺការអានសៀវភៅ។»

ម្ដាយរបស់កូនតូចមួយរូបទៀត គឺ អ្នកស្រី ភួង កញ្ញារ៉ា ដែលមានទម្លាប់អានសៀវភៅជាមួយកូនៗរបស់ខ្លួនជាប្រចាំ បានឱ្យដឹងថា ក្នុងមួយថ្ងៃអ្នកស្រីចំណាយពេលយ៉ាងហោចណាស់មួយម៉ោងអានសៀវភៅជាមួយកូនស្រីតូចដែលអាយុពីរឆ្នាំកន្លះ។

អ្នកស្រី ភួង កញ្ញារ៉ា រំឭកថា៖ «កាលមិនទាន់ចេះអានសៀវភៅ កូនស្រីខ្ញុំមានអាកប្បកិរិយាឆេវឆាវ ឆាប់មួម៉ៅ និងមិនសូវចេះស្ដាប់បង្គាប់ប៉ុន្មានទេ។ តែឥឡូវគាត់មានការប្រែប្រួលជាវិជ្ជមានច្រើន ក្នុងនោះ​ អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតគឺគាត់មានភាពចាស់ទុំជាងមុន មិនសូវយំ ហើយថែមទាំងមានទំនាក់ទំនងល្អជាមួយយើងជាឪពុកម្ដាយទៀតផង»

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុនក៏បានសង្កត់ធ្ងន់ថា ការអានជាមួយកុមារបានផ្ដល់នូវអត្ថប្រយោជន៍ច្រើន​ ជាពិសេសលោកឪពុកអ្នកម្ដាយ ឬអាណាព្យាបាល អាចជួយពិនិត្យ និងរំឭកមេរៀន តួអក្សរដែលកុមារបានរៀនពីសាលាបន្ថែមទៀតផងដែរ។ ហើយក្នុងនោះ ឪពុកម្ដាយ និងអាណាព្យាបាលពិតជាមានតួនាទីសំខាន់ណាស់ក្នុងការធានាបាននូវពាក្យស្លោក «កុមាររៀន កុមារចេះ» ផងដែរ៕