អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គ្រោងចុះពិនិត្យដោយផ្ទាល់អំពីស្ថានភាពមនុស្សធម៌នៅតំបន់ព្រំដែនរងផលប៉ះពាល់ និងជំរំភៀសសឹក
នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ិន តារា អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។




ជាមួយគ្នានោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅដល់លោក Thomas Andrews ចំពោះការតែងតាំងរបស់លោក ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស ប្រចាំកម្ពុជា និងស្វាគមន៍ចំពោះទស្សនកិច្ចផ្លូវការលើកទី១របស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមបានបញ្ជាក់ពីទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយូរអង្វែង និងកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនារវាងកម្ពុជា និងអាណត្តិរបស់រាយការណ៍ពិសេស។
ទន្ទឹមនោះផងដែរ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័នចំពោះសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ និងបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។
ដោយឡែក ឯកឧត្តម ក៏បានជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាប្រឈមផ្នែកមនុស្សធម៌ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវបានផ្លាស់ទីលំនៅ និងជួបឧបសគ្គរារាំងមិនអាចត្រឡប់ទៅលំនៅស្ថានវិញបានដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ឯកឧត្តមបានស្វាគមន៍ចំពោះគម្រោងធ្វើទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសទៅកាន់តំបន់ព្រំដែនដែលរងផលប៉ះពាល់ និងជំរំភៀសសឹក ដើម្បីស្វែងយល់ដោយផ្ទាល់អំពីស្ថានភាពមនុស្សធម៌នៅទីនោះ។
ប្រភព៖ ក្រសួងការបរទេស











