បញ្ហា និងដំណោះស្រាយកំលុងពេលនិពន្ធសៀវភៅដែលអ្នកនិពន្ធជួបប្រទះ
ដោយ៖ សន ស្រីពេជ្រ
នៅក្នុងសង្គមយើងបច្ចុប្បន្ននេះយើងឃើញហើយថា អ្នកនិពន្ធជំនាន់ក្រោយសុទ្ធសឹងតែជាអ្នកដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ។ ក្នុងនោះដែរក៏មានអ្នកនិពន្ធមួយចំនួនកំពុងតែសាងស្នាដៃមិនបានប៉ុន្មានក៏បានបោះបង់ចោលវិញ ដោយសារតែការចួបប្រទះនូវបញ្ហាមួយចំនួន។ ការនិពន្ធសៀវភៅឱ្យចេញជារូបរាងឡើងមួយក្បាលៗ វាពុំមែនជារឿងងាយស្រួលឡើយ ប្រសិនបើគ្មានគោលការណ៍ ក្បួនខ្នាត និងការតាំងចិត្តឱ្យបានមុតមាំ។ ខាងក្រោមនេះជាបទពិសោធន៍ដែលអ្នកនិពន្ធមួយរូបបានចួបប្រទះ៖
លោក ឌឹម ណៃយ៉េ ជាម្ចាស់ស្នាដៃសៀវភៅ «បើពិតជាស្រឡាញ់» ដែលមិត្តអ្នកអានមួយចំនួនប្រាកដជាស្គាល់ស្នាដៃរបស់លោក និងស្នាដៃទី២របស់លោកមានចំណងជើងថា «សម្បក»។ លោកជាអ្នកស្រុកកោះសូទិន ខេត្តកំពង់ចាម សព្វថ្ងៃជាអ្នកនិពន្ធឯករាជ្យ ព្រមទាំងជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងកំពុងបន្តសិក្សាថ្នាក់អនុបណ្ឌិតផងដែរ។
![](https://media.brandbodia.com/wp-content/uploads/2021/09/photo_2021-09-10_20-17-11.jpg)
លោកបានធ្វើការរៀបរាប់ថា៖ «បញ្ហា នៃការនិពន្ធមិនចប់ គឺលោកធ្លាប់ចួបប្រទះកាលពីឆ្នាំ២០១៤ប្រលោមលោក គឺមិនអាចនិពន្ធបន្តរហូតដល់ពេលនេះ។ បញ្ហាដែលធ្វើឱ្យលោកមិនបាននិពន្ធចប់សព្វគ្រប់នោះគឺ វាជាលើកទីមួយដែលលោកចាប់ផ្តើមសរសេរប្រលោមលោក។ លោកពុំបានយល់ច្បាស់ពីការនិពន្ធ និងរៀបចំខ្លួនបានរៀបរយមុននឹងសរសេរឡើយ ពោលគឺនឹកឃើញប៉ុនណា ក៏ចាប់ផ្ដើមសរសេរយក លុះអស់ហើយក៏តាំងត្រូវអង្គុយរកនឹកទៀតថា ត្រូវសរសេរបែបណា ទាល់តែរកនឹកលែងចេញថាត្រូវសរសេរអ្វីបន្តដែលល្អ និងស័ក្ដិសម។
លោកបានបន្តទៀតថា ដើម្បីសរសេររឿងមួយចប់បាន គឺមានវិធីជាច្រើនទៅតាមអ្នកនិពន្ធម្នាក់ៗ។ អ្នកនិពន្ធមួយចំនួនកំណត់ត្រឹមតួអង្គ ការចាប់ផ្ដើមរឿង បញ្ហារឿង និងបញ្ចប់រឿង រួចក៏ចាប់ផ្ដើមសរសេរយកតែម្ដង ដោយគោរពតាមអ្វីដែលពួកគាត់បានកំណត់រួចហើយ។ ចំណែកឯអ្នកនិពន្ធខ្លះទៀត ចាប់តែប្រធានបទមកសរសេរ មានតួសំខាន់ៗ រួចក៏ចាប់ផ្ដើមសរសេរ។ ដែលលោកបង្ហាញកន្លងមកនេះ គឺជាវិធីមួយចំនួនដែលសមស្របទៅតាមអ្នកនិពន្ធម្នាក់ៗ មានន័យថាមិនមានក្របខ័ណ្ឌណាមួយដែលកំណត់ថាអ្នកនិពន្ធត្រូវតែធ្វើបែបហ្នឹងទើបជោគជ័យសរសេររឿងបានចប់នោះឡើយ។ បញ្ហាមួយ គឺនៅត្រង់ថាតើការដែលគាត់ប្រើវិធីសាស្រ្តណាមួយនោះ វាធ្វើឱ្យរឿងដែលសរសេរចប់របស់គាត់នោះមានភាពទាក់ទាញ រលូន ប្រទាក់ក្រឡា ប្រាកដនិយម និងធ្វើឱ្យអ្នកអានចង់ដឹងចង់ឮបន្តបានដល់កម្រិតណាប៉ុណ្ណោះ។
លោកធ្វើការសង្កត់ធ្ងន់ថា ដើម្បីនិពន្ធរឿងមួយបានចប់ ហើយអាចមានភាពទាក់ទាញ រលូន ប្រទាក់ក្រឡា ប្រាកដនិយម និងធ្វើឱ្យអ្នកអានចង់ដឹងចង់ឮបន្តបាន តម្រូវឱ្យយើងកំណត់ប្រភេទ ប្រធានបទ និងបញ្ហាធំនៃរឿង។ បន្ទាប់មក ត្រូវរៀបចំតួអង្គរឿងសំខាន់ៗ ដោយមានភាពច្បាស់លាស់ពីចរិតតួនាទីនៃតួអង្គទាំងនោះ។ បន្ទាប់មកទៀត គឺជាការបំបែកបញ្ហារឿងធំទៅជាបញ្ហាតូចៗ ដើម្បីបញ្ចូលទៅក្នុងភាគនីមួយៗនៃរឿង។ ធ្វើបែបនេះ យើងនឹងប្រាកដថា គ្មានភាគណាមួយនៃរឿង ក្លាយជារឿងដែលគ្មានរឿង គ្មានបញ្ហា ដែលធ្វើឱ្យអ្នកអានលែងចង់តាមដានឡើយ។ ក្រោយមកទៀតគឺជាការរៀបឆ្អឹងរឿងទៅតាមភាគនីមួយៗ ដោយបញ្ចូលនូវចំណុចសំខាន់ៗថា តើបញ្ហានីមួយៗនឹងត្រូវដោះស្រាយតាមវិធីណា? ការរៀបឆ្អឹងរឿងនេះហើយ ជាឧបករណ៍មួយដែលអាចជួយអ្នកនិពន្ធបានក្នុងការសរសេរឱ្យបានចប់ មិនថារឿងនោះទុកចោលយូរឆ្នាំប៉ុនណា។ ចំណុចពិសេសនេះការរៀបឆ្អឹងរឿង គឺក្រៅពីជួយយើងនិពន្ធរឿងបានចប់ វាជួយយើងឱ្យអាចផ្លាស់ប្ដូរលំដាប់ព្រឹត្តិការណ៍រឿង ឬយើងហៅថាលាក់សាច់រឿង ដែលធ្វើឱ្យរឿងយើងមានភាពឡើងចុះ និងចង់តាមដាន។ ចំណុចពិសេសមួយទៀត គឺយើងអាចសរសេរភាគណាមុនក៏បានអាស្រ័យតាមអារម្មណ៍និពន្ធរបស់យើង ថាតើពេលនេះត្រូវនឹងអារម្មណ៍ ឬចង់សរសេរភាគណាមុនគេ។ សរុបមកវិញ សម្រាប់លោកអ្នកចង់និពន្ធរឿងមួយចប់ គឺយើងគួរតែមានឆ្អឹងរឿង តែមិនមានន័យថា អ្នកនិពន្ធត្រូវតែគោរព្ធតាមឆ្អឹងរឿងមួយរយភាគរយទេ ព្រោះជួនកាលពេលដែលយើងកំពុងសរសេ រយើងអាចនឹកឃើញអ្វីដែលកាន់តែល្អជាងមុនទៀត។ ដូច្នេះយើងអាចប្រើវាបាន និងកែសម្រួលឆ្អឹងរឿង យើងឡើងវិញ តែត្រូវប្រាកដថានឹងមិនប៉ះពាល់ដល់គោលដៅចុងក្រោយនៃរឿងឡើយ។ ជាយោបល់ សម្រាប់អ្នកនិពន្ធថ្មីៗ គួរតែចាប់ផ្ដើមដោយការសរសេររឿងបែបខ្លីៗ ដែលមានបញ្ហារឿងតិចទៅមុន ព្រោះវាងាយបញ្ចប់បានលឿន និងជាកម្លាំងចិត្តសម្រាប់គាត់បន្តទៅមុខទៀតបាន។
ខាងលើនេះជាបទពិសោធន៍ដែលអ្នកនិពន្ធ ឌឹម ណៃយ៉េ បានអនុវត្តកន្លងមក ដែលទាក់ទងទៅនឹងការនិពន្ធសៀវភៅរបស់លោកឱ្យចេញជាស្នាដៃឡើង។ ព្រមទាំងមានការគាំទ្រពីសំណាក់មិត្តអ្នកអានរបស់លោកផងដែរ។ យើងខ្ញុំសង្ឃឹមថា ការចែករំលែកនូវបទពិសោធន៍របស់លោកនឹងអាចជាប្រទីបមួយចំណែកសម្រាប់មិត្តអ្នកអាន ក៏ដូចជាអ្នកនិពន្ធមួយចំនួន សិស្ស និស្សិតដែលស្រឡាញ់វិស័យនិពន្ធ និងមានបំណងចង់ក្លាយជាអ្នកនិពន្ធអាចមើលគន្លឹះខាងលើនេះបាន។ ថ្វីដ្បិតថាវិធីសាស្រ្ត និងគន្លឹះរបស់អ្នកនិពន្ធខុសៗគ្នាតែលោកអ្នកអាចដកស្រង់ចំណុចដែលលោកអ្នកគិតថាវាត្រឹមត្រូវយកទៅអនុវត្តក្នុងវិស័យនិពន្ធបាន៕