| |

ក្រសួងព្រះបរមរាជវាំង៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចហើយ


វេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងព្រះបរមរាជវាំង បានឲ្យដឹងថាស្ថានភាពនៃព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត បានទទួលការព្យាបាលព្រះរោគដោយវះកាត់ ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីរ ពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនបានដោយជោគជ័យ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ពេលនេះព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចហើយក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមវេជ្ជបណ្ឌិត នៅក្នុងមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។

ទន្ទឹមនេះដែរ ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យប៉េកាំង បានក្រាបបង្គំទូលថ្វាយ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនពរព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ក្រោយវះកាត់ដើម្បីពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពបន្តនៅក្នុងមន្ទីរពេទ្យប៉េកាំង ។

ជាមួយគ្នានេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេច ថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះពរ និងបួងសួងសូមឱ្យព្រះអង្គ បានឆាប់ជាសះស្បើយពីព្រះរោគ ។

ប្រភព៖ ក្រសួងព្រះបរមរាជវាំង