|

ក្រសួងទេសចរណ៍ និងក្រុមហ៊ុន(Air Cambodia) សហការពង្រីកបណ្តាញជើងហោះហើរ បង្កើនគុណភាពការដឹកជញ្ជូនតាមផ្លូវអាកាស និងជំរុញទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ


នៅក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នាពេលខាងមុខនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត David Zhan នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) និងសហការី ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Air Cambodia ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងសហការល្អ ដោយភាគីទាំងពីរបានពិភាក្សាផ្តោតលើការពង្រីកបណ្តាញជើងហោះហើរ ការបង្កើនគុណភាពសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងការផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះក្រុមហ៊ុន Air Cambodia ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញវិស័យទេសចរណ៍ និងការតភ្ជាប់បណ្តាញជើងហោះហើរកម្ពុជា ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ខណៈលោកបណ្ឌិត David Zhan ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

ប្រភព៖ ក្រសួងទេសចរណ៍