| |

មនុស្សយ៉ាងហោចណាស់ ១៨២ នាក់បានស្លាប់ ក្នុងការវាយប្រហារថ្មីរបស់អ៊ីស្រាអែល លើហេសបូឡា បង្ករឲ្យបទឈប់បាញ់រវាងអាមេរិក-និងអ៊ីរ៉ង់ កាន់តែផុយស្រួយ!


កាលពីថ្ងៃទី ៨ ខែមេសា ការប៉ះទង្គិចយ៉ាងខ្លាំងរវាង អ៊ីស្រាអែល និងក្រុម ហេសបូឡា នៅក្នុង លីបង់ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៨២ នាក់បានស្លាប់ និងជាង ៨០០នាក់រងរបួស ក្នុងរយៈពេលខ្លី ដែលកំពុងបង្កើនភាពតានតឹងលើបទឈប់បាញ់រយៈពេល ២សប្តាហ៍រវាង សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ដែលស្ថិតនៅក្នុងស្ថានភាពផុយស្រួយ។

ជាការឆ្លើយតប ក្រុម ហេសបូឡា បានប្រកាសថា ខ្លួនបានបាញ់រ៉ុក្កែតទៅលើតំបន់ភាគខាងជើងនៃ អ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់ ហើយបានព្រមានថា “នឹងបន្តការវាយប្រហាររហូតដល់សកម្មភាពយោធាអ៊ីស្រាអែលបញ្ឈប់”។

ខណៈពេលនេះ Islamic Revolutionary Guard Corps (IRGC) បានព្រមានថា នឹងមាន “ការឆ្លើយតបដែលបង្កឲ្យមានការសោកស្តាយ” ប្រសិនបើ អ៊ីស្រាអែល បន្តវាយប្រហារនៅក្នុង លីបង់។ ទោះជាយ៉ាងណា ភាគី សហរដ្ឋអាមេរិក និង អ៊ីស្រាអែល បានបញ្ជាក់ថា លីបង់ មិនត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់នោះទេ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋមួយចំនួននៅ លីបង់ បានបង្ហាញការខឹងសម្បារទៅលើទាំងពីរភាគី ដោយចោទថា ការប៉ះទង្គិចនេះបាននាំឲ្យប្រទេសរបស់ពួកគេចូលទៅក្នុងសង្គ្រាមដែលមិនចង់បាន និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ដោយឡែក ការវិវឌ្ឍន៍ថ្មីៗនេះបានបង្ហាញថា ជម្លោះរវាង អ៊ីស្រាអែល និងក្រុម ហេសបូឡា អាចប៉ះពាល់យ៉ាងខ្លាំងដល់ស្ថេរភាពនៃបទឈប់បាញ់រវាង សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ខណៈស្ថានការណ៍សន្តិសុខនៅតំបន់មជ្ឈឹមបូព៌ាកំពុងតែបន្តតានតឹង។

ប្រភព៖ BBC