|

ឯកឧត្តម Emmanuel Macron៖ កម្ពុជា និងបារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល និងវិស័យបេតិកភណ្ឌ


យោងតាមប្រភពព័ត៌មានពីស្ថានទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថាឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល ‘សុខភាពតែមួយ’ (One Health Summit) កាលពីម្សិលមិញនៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងយើងនៅថ្ងៃនេះ ក្នុងទីក្រុងប៉ារីស ។

តាមរយៈប្រភពដដែល បានបញ្ជាក់ថាប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានរំលេចថា រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ ។

ជាមួយគ្នានេះ ឯកឧត្តម បានបន្តថា តាមរយៈអង្គការហ្វ្រង់កូហ្វូនី (Francophonie) បារាំងក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ ការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ ដែលនៅទីនោះ ឯកឧត្តម នឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកា ។

ដោយឡែក ប្រធានាធិបតីខាងលើ ក៏បានគូសរំលេចថា នេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង៕

ប្រភព៖ ក្រសួងព័ត៌មាន