តើមានវិធីសាស្រ្ដអ្វីខ្លះដើម្បីសរសេរប្រលោមលោកប្រភេទភ័យរន្ធត់ (Horror) ឱ្យមានប្រសិទ្ធភាព?
អត្ថបទដោយ ៖ ង៉ុយ សារិកា
ការសរសេរប្រលោមលោកប្រភេទភ័យរន្ធត់ ទាមទារឲ្យអ្នកនិពន្ធមានបច្ចេកទេសក្នុងការតាក់តែង ចងក្រង ប្រើសិល្ប៍វិធីពណ៌នាសាច់រឿង ធ្វើយ៉ាងណាឲ្យអ្នកអានអាចបង្កើតរូបារម្មណ៍បានរស់រវើកហាក់ដូចជាសាច់រឿងកំពុងផុសអណ្តែតនៅចំពោះមុខអ្នកអានផងដែរ។ ដោយមើលឃើញយ៉ាងដូច្នេះ BRANDMEDIA ក៏បានសុំជួបអ្នកនិពន្ធ ធឿន វុទ្ធី ដែលជាអ្នកនិពន្ធមួយរូបមានទេពកោសល្យក្នុងការសរសេរប្រលោមលោកប្រភេទភ័យរន្ធត់នេះ។ ពីព្រោះថារាល់ស្នាដៃនិពន្ធរបស់លោកគឺពិតជាទទួលបានការកោតសរសើរមិនដាច់ពីមាត់តែម្ដង ពីប្រិយមិត្តអ្នកអានទាំងឡាយដែលតែងតែគាំទ្រស្នាដៃរបស់អ្នកនិពន្ធផ្ទាល់។
តើមានវិធីសាស្រ្តអ្វីខ្លះដើម្បីសរសេរប្រលោមលោកប្រភេទភ័យរន្ធត់ (Horror)ឱ្យមានប្រសិទ្ធភាព?
ដើម្បីជាជំនួយដល់ការសរសេរប្រលោមលោកប្រភេតភ័យរន្ធត់ឲ្យបានល្អប្រសើរអ្នកនិពន្ធ ធឿន វុទ្ធី បានធ្វើការចែករំលែកវិធីសាស្រ្ដមួយចំនួនដូចខាងក្រោមនេះ៖
- ការបង្កើតតួអង្គ៖ រឿងប្រភេទភ័យរន្ធត់ មិនទាមទារឲ្យមានតួអង្គច្រើនពេកទេ។ ធ្វើនេះ គឺដើម្បីបង្ការអ្នកនិពន្ធខ្លួនឯង កុំឲ្យភ្លេចឬវង្វេងសកម្មភាពតួអង្គ។ បើចៀសបានគួរចៀស យើងប្ដូរពីការបង្កើតតួអង្គច្រើន មកបង្កើតតួអង្គតិចតែមានសកម្មភាពច្រើនល្អជាង។
- ការបង្កើតប្រធានរឿង៖ ប្រធានរឿងបែបភ័យរន្ធត់មិនប្រាកដថាត្រូវតែមានខ្មោចទេ។ រឿងខ្លះគ្មានខ្មោចក៏អាចរន្ធត់បានដែរ ស៊ីសងលើបច្ចេកទេសអ្នកនិពន្ធប៉ុណ្ណោះ។ ចង់ឲ្យសាច់រឿងរបស់យើងរន្ធត់ ត្រូវរកនឹកសាច់រឿងថ្មី សាច់រឿងដែលប្លែក មិនទាន់មានអ្នកសរសេរឬមិនទាន់មានក្នុងខ្សែភាពយន្ត។ បើចង់ឲ្យរន្ធត់ខ្លាំង ទាល់តែសាច់រឿងនោះថ្មីខ្លាំងសម្រាប់អ្នកអានដែរ។
- បច្ចេកទេសលាក់សាច់រឿង (Twist-plot)៖ ការលាក់សាច់រឿង ជាចំណុចសំខាន់ខ្លាំងណាស់ សម្រាប់រឿងបែបរន្ធត់។ អ្នកនិពន្ធគួរចេះលាក់សាច់រឿងឲ្យជិតរួចប្រើវិធីសាស្រ្ដបកស្រាយសាច់រឿង អាចម្ដងបន្តិចៗ ឬបកស្រាយទាំងដុលក៏បាន តែត្រូវបកស្រាយឲ្យចំចំណុចដែលអ្នកអានត្រូវការ។
- ការក្ដាប់ប្រភេទរឿង៖ បើចង់ឲ្យរឿងរន្ធត់មួយក្លាយជារឿងរន្ធត់ពិតប្រាកដ អ្នកនិពន្ធដាច់ខាតត្រូវក្ដាប់ប្រភេទរឿងឲ្យជាប់។ ខ្ញុំធ្លាប់ឃើញច្រើន អ្នកនិពន្ធសរសេររឿងរន្ធត់ រួចលាយឡំបន្លំប្រកូវ ប្រឹងកំប្លែងផង ប្រឹងស្នេហាផង ប្រឹងស៊ើបអង្កេតផង ប្រឹងចុះប្រឹងឡើងក៏រកប្រភេទរឿងរបស់ខ្លួនឯងលែងឃើញ។
- បច្ចេកទេសលងបន្លាច៖ ប្រសិនបើរឿងរន្ធត់របស់យើងជាប្រភេទរឿងខ្មោចព្រាយបិសាច យើងគួរកំណត់ឲ្យបានថា ខ្មោច ព្រាយ បិសាច… វាលងបន្លាចមនុស្សរបៀបណា? ជាក់ស្ដែង មិនមែនឲ្យតែខ្មោចត្រូវតែលងទេ។ បើលងត្រូវមានហេតុផល ហេតុអីលង? ចង់បានអី? ដើម្បីអី? កម្រិតនៃការលងបែបណា? អាចចូលសណ្ឋិតរាងកាយមនុស្សបានទេ? អាចបញ្ជាភ្លើងឲ្យបិទបើកបានទេ។ល។ បច្ចេកទេសលងបន្លាច ត្រូវ Update ឲ្យទាន់សម័យកាលផង។ ខ្មោចអង្គុយបំពេកូននៅលើដើមអំពិលសម័យនេះលែងពេញនិយមហើយ គួរប្ដូររសជាតិមកជាអង្គុយបីកូនសំងំកំព្រឹងនៅក្នុងឡានវិញល្អជាង។
- ការបញ្ចប់រឿង៖ ចង់បញ្ចប់រឿងប្រភេទរន្ធត់ យើងត្រូវសិក្សាឲ្យច្បាស់ពីប្រធានរឿងនិងអ្វីដែលយើងចង់បាន។ ខ្ញុំឧទាហរណ៍ថា ខ្មោចលងសងសឹក តើយើងជាអ្នកនិពន្ធគួរសម្លាប់មនុស្សដើម្បីខ្មោចឬសម្លាប់ខ្មោចដើម្បីមនុស្ស? ត្រង់នេះសំខាន់ ដើម្បីការពារសាច់រឿងភ្លាវនៅចុងកន្ទុយ។
គួរបញ្ជាក់ផងដែរថា អ្នកនិពន្ធ ធឿន វុទ្ធី ធ្លាប់ចូលរួមប្រកួតតែងនិពន្ធពានរង្វាន់ព្រះនាងឥន្រ្ទទេវី ដែលរៀបចំឡើងដោយ “នាយកដ្ឋានសៀវភៅ និងការអាន អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ”
- ឆ្នាំ២០១៩ ទទួលបានជយលាភីលេខ៣ ផ្នែកប្រលោមលោកខ្លី រឿងគ្រូកាច។
- ឆ្នាំ២០២០ ទទួលបានជយលាភីលេខ២ ផ្នែកប្រលោមលោកខ្លី រឿងបណ្ណសរសើរ។
បន្ថែមពីនេះផងដែរ លោក ធឿន វុទ្ធី ក៏បានបញ្ចេញនូវស្នាដៃនិពន្ធប្រលោមលោកជាច្រើនមកហើយ។ ដោយនៅក្នុងនោះក៏មានប្រលោមលោកខ្លះលោកក៏បានបោះពុម្ពចេញផ្សាយជាសៀវភៅនិងជា File pdf រួចរាល់ហើយផងដែរ។
ជាកិច្ចបញ្ចប់ BRANDMEDIA សូមធ្វើការថ្លែងអំណរគុណដល់អ្នកនិពន្ធ ធឿន វុទ្ធី ដែលបានផ្ដល់ឱកាសឱ្យយើងខ្ញុំបានជួបសម្ភាសន៍ដោយលោកបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចែករំលែកនូវវិធីសាស្រ្តក៏ដូចជាបទពិសោធផ្ទាល់ខ្លួន ដើម្បីជំនួយដល់ការសរសេរប្រលោមលោកប្រភេទភ័យរន្ធត់មកដល់យើងខ្ញុំក៏ដូចជាប្រិយមិត្តអ្នកអាន អ្នកសិក្សា ក៏ដូចជាចំណេះដឹងថ្មីដល់ប្រិយមិត្តដែលស្រឡាញ់ចូលចិត្តខាងផ្នែកតែងនិពន្ធនេះផងដែរ៕
កែសម្រួលដោយ៖ BRANDMEDIA