| |

ក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេច អនុញ្ញាតឱ្យមន្ត្រីរាជការមួយចំនួន ធ្វើការងារតាមអនឡាញពីផ្ទះ ដើម្បីសន្សំសំចៃប្រេង និងអគ្គិសនី!


នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន អង្គភាពចំណុះក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមអនុវត្តវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី។

ក្នុងនោះ ចំពោះវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការប្រជុំដោយផ្ទាល់ ដោយបម្លែងទៅប្រជុំតាមប្រព័ន្ធអនឡាញ កាត់បន្ថយសិក្ខាសាលា ឬកិច្ចប្រជុំដែលត្រូវធ្វើដំណើរឆ្ងាយ និងកាត់បន្ថយការចូលរួមប្រជុំនៅបរទេស។

ដោយឡែក ត្រូវធ្វើជំរឿនយានយន្តរបស់រដ្ឋ និងការប្រើប្រាស់ ដោយត្រួតពិនិត្យ និងវាយតម្លៃឡើងវិញលើបេសកកម្មដែលប្រើប្រាស់យានយន្តរដ្ឋ ដោយបេសកកម្មមិនចាំបាច់ ត្រូវផ្អាក ឬបញ្ចូលគ្នា ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ។

សម្រាប់ការរៀបចំការងារផ្ទាល់ ថ្នាក់ដឹកនាំគ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពិនិត្យលទ្ធភាពរៀបចំកន្លែងបំពេញការងាររួមគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងត្រូវកំណត់មន្ត្រីបង្គោល ឬមន្ត្រីចាំបាច់ដែលត្រូវមានវត្តមានជាប្រចាំ ដើម្បីធានាមិនឱ្យមានការរាំងស្ទះដល់ចរន្តការងាររដ្ឋបាលប្រចាំថ្ងៃ។

ចំពោះវិធានការសន្សំសំចៃលើការប្រើប្រាស់អគ្គិសនី ត្រូវកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់នៅកម្រិត ២៥ អង្សាសេ និងបិទម៉ាស៊ីនត្រជាក់មុនពេលចេញពីធ្វើការយ៉ាងតិច ១៥ នាទី។ បន្ថែមពីនេះ ត្រូវបិទភ្លើង បិទម៉ាស៊ីនត្រជាក់ និងបរិក្ខារអគ្គិសនីទាំងអស់នៅក្នុងបន្ទប់ដែលមិនមានមនុស្ស ឬមិនប្រើប្រាស់ និងលើកទឹកចិត្តឱ្យបើកវាំងនន ឬបង្អួចការិយាល័យ ដើម្បីប្រើប្រាស់ពន្លឺ និងខ្យល់ធម្មជាតិក្នុងកម្រិតអាចធ្វើទៅបាន។

យ៉ាងណាមិញ វិធានការខាងលើ មិនត្រូវរារាំង ឬប៉ះពាល់ដល់ប្រសិទ្ធភាពការងារចាំបាច់នោះទេ ដោយករណីលើកលែង រួមមាន កម្លាំងអន្តរាគមន៍សង្គ្រោះបន្ទាន់ កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស និងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសជាមិត្ត។

ក្នុងសេចក្តីណែនាំនេះ ក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យថ្នាក់ដឹកនាំ និងប្រធានអង្គភាពទាំងអស់ ព្រមទាំងអភិបាលរាជធានី ខេត្ត ត្រូវចាត់ចែងអនុវត្តវិធានការខាងលើឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់មានការណែនាំជាថ្មី។

ប្រភព៖ ក្រសួងមហាផ្ទៃ