|

កម្មវិធីប្រកួតប្រជែងពានរង្វាន់(ICIA)របស់ក្រសួងអប់រំ នឹងបើកបង្ហាញឲ្យអន្តរជាតិឃើញពីស្ថេរភាព សន្តិភាព និងការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា


​នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហការក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់ភាពច្នៃប្រឌិត និងនវានុវត្តន៍អន្តរជាតិ (The International Creativity & Innovation Award – ICIA) ជាមួយក្រុមការងារ Krya Global ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

​កម្មវិធីនេះ មិនត្រឹមតែជាវេទិកាប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសិក្សាសម្រាប់អ្នកច្នៃប្រឌិតវ័យក្មេង ដើម្បីទទួលបានបទពិសោធន៍ក្នុងវិស័យភាពច្នៃប្រឌិត និងនវានុវត្តន៍ តាមរយៈទម្រង់ការប្រកួតប្រជែង និងកិច្ចសហការ។

ដោយឡែក កម្មវិធីនេះក៏ត្រូវបានបញ្ចូលជាផ្នែកមួយនៃទិវាភាពច្នៃប្រឌិត និងនវានុវត្តន៍ពិភពលោក (WCID) ដែលផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផងដែរ។

បន្ថែមពីនេះ កម្មវិធីដ៏មានសារៈសំខាន់នេះ ក៏បានបង្ហាញឱ្យអន្តរជាតិឃើញពីស្ថេរភាព សន្តិសុខ សុវត្ថិភាព និងការរីកចម្រើននៃវិស័យអប់រំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជំរុញការគិតបែបវិភាគ ការច្នៃប្រឌិត និងជំនាញដោះស្រាយបញ្ហារបស់យុវជន។

ប្រភព៖ MoEYS