|

លោក គីម ជុងអ៊ុន ត្រូវបានជ្រើសរើសឡើងវិញ ជាអគ្គលេខាធិការគណបក្សពលករកូរ៉េ ក្នុងសមាជលើកទី៩!


គណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាចនៅក្នុងប្រទេសកូរ៉េខាងជើង បានប្រកាសជាផ្លូវការថា លោក គីម ជុងអ៊ុន ត្រូវបានជ្រើសរើសឡើងវិញជាអគ្គលេខាធិការគណបក្ស ក្នុងអំឡុងសមាជលើកទី៩ ដែលកំពុងប្រារព្ធធ្វើនៅទីក្រុងព្យុងយ៉ាង។

ការប្រកាសនេះត្រូវបានផ្សព្វផ្សាយតាមរយៈទីភ្នាក់ងារព័ត៌មានរដ្ឋ Korean Central News Agency (KCNA) បន្ទាប់ពីកិច្ចប្រជុំសមាជគណបក្សដែលមានសមាជិកប្រមាណ ៥,០០០ នាក់ចូលរួម។

គ្មានអ្វីចម្លែកទេ ដែលគ្រួសារ គីម បានដឹកនាំប្រទេសកូរ៉េខាងជើងចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៤០ មក ដោយបន្តរបបដឹកនាំជាបន្តបន្ទាប់ពីជំនាន់មួយទៅជំនាន់មួយ។ គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានឡើងកាន់អំណាចនៅក្នុងឆ្នាំ ២០១១ បន្ទាប់ពីមរណភាពឪពុករបស់លោក ហើយបានពង្រឹងតួនាទីដឹកនាំរបស់ខ្លួននៅក្នុងគណបក្ស និងរដ្ឋាភិបាល។

យោងតាម KCNA បានឲ្យដឹងថា ការដឹកនាំរបស់លោក គីម នាំឲ្យប្រទេសបាន “មានឥទ្ធិពលយ៉ាងខ្លាំង” រួមទាំងសមត្ថភាពការពារជាតិ ដោយផ្តោតលើការអភិវឌ្ឍកម្លាំងអាវុធនុយក្លេអ៊ែរ ដែលជាស្នូលសំខាន់ក្នុងការទប់ស្កាត់សង្គ្រាម។

ទោះបីជាប្រឈមមុខនឹងទណ្ឌកម្មអន្តរជាតិជាយូរអង្វែងក៏ដោយ កូរ៉េខាងជើងបានបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងសាកល្បងមីស៊ីលអន្តរទ្វីបជាបន្តបន្ទាប់។ ខណៈសមាជគណបក្សលើកនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយសំខាន់ ដែលកំណត់ទិសដៅគោលនយោបាយជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងការពារជាតិ សម្រាប់រយៈពេលច្រើនឆ្នាំខាងមុខ។

ក្នុងសុន្ទរកថា បើកសមាជ លោក គីម បានសន្យាថានឹង «ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលលោកបានសង្កត់ធ្ងន់ថាជា ភារកិច្ចដ៏ធ្ងន់»។

ក្រៅពីនេះ ប្រធានាធិបតីចិន ស៊ី ជីនពីង បានផ្ញើសារអបអរសាទរលោក គីម ចំពោះការតែងតាំងឡើងវិញ និងបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

អ្នកវិភាគយល់ឃើញថា លទ្ធផលសមាជគណបក្សលើកទី៩ នឹងបន្តបង្ហាញពីអាទិភាពរបស់កូរ៉េខាងជើង ក្នុងការពង្រឹងសមត្ថភាពការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច ខណៈស្ថានការណ៍តំបន់ និងអន្តរជាតិកំពុងមានការប្រែប្រួល។

ប្រភព៖ BBC