សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលសិស្សនិទ្ទេសA និងជ័យលាភីវិជ្ជាជីវៈថ្ងៃនេះ គឺជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនផ្ទាល់
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងជ័យលាភីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។



ក្នុងឱកាសដ៏មានអត្ថន័យនេះ សម្ដេចធិបតីបានមានប្រសាសន៍អបអរសាទរយ៉ាងកក់ក្ដៅ ចំពោះក្មួយៗជ័យលាភីសិស្សនិទ្ទេស A សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាជ័យលាភីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ទាំងអស់ក្នុងឆ្នាំ២០២៥។
ដោយឡែក សម្ដេចធិបតីបានលើកឡើងថា លទ្ធផលសិស្សនិទ្ទេសA សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងជ័យលាភីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈថ្ងៃនេះ គឺជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនផ្ទាល់ ពីការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូនិងបុគ្គលិកសិក្សា និងជាពិសេសការជួយគាំទ្ររបស់ឪពុកម្តាយ-អាណាព្យាបាលទៅលើការសិក្សារបស់សិស្សានុសិស្ស និងរហូតទទួលបានជោគជ័យ
ជាមួយគ្នានេះផងដែរ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ អំពីលទ្ធផលកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ ២០២៥ មានការប្រែប្រួលរីកចម្រើនគួឱ្យកត់សម្គាល់។ នៅឆ្នាំ ២០១៤ ការប្រឡងលើកទី១ និងលើក ទី២ មានបេក្ខជនទទួលបានជ័យលាភីនិទ្ទេស A មានតែចំនួន ១១នាក់តែប៉ុណ្ណោះ។ រហូតដល់ឆ្នាំ២០២៥នេះ ចំនួនបេក្ខជនប្រឡងជាប់ និងបេក្ខជនទទួលបាននិទ្ទេស A បានកើនឡើងជាបន្តបន្ទាប់ បេក្ខជនប្រឡងជាប់បានកើនដល់ ៨៤,៥៦% និងមានបេក្ខជន ទទួលបាននិទ្ទេស A មានចំនួន ៣.០២០នាក់
ប្រភព៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត















