ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសកាត់បន្ថយពន្ធលើឥណ្ឌានៅត្រឹម ១៨% បន្ទាប់ពីការយល់ព្រមកាត់ផ្តាច់ការទិញប្រេងពីរុស្ស៊ី!
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយពន្ធលើការនាំចេញពីប្រទេសឥណ្ឌា បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi យល់ព្រមឈប់ទិញប្រេងពីប្រទេសរុស្ស៊ី។ ការប្រកាសនេះត្រូវបានធ្វើឡើងតាមរយៈវេទិកា Truth Social បន្ទាប់ពីការហៅទូរស័ព្ទរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃទី២ ម្សិលមិញនេះ។

លោក Trump បានអះអាងថា ឥណ្ឌា ដែលជាអ្នកទិញប្រេងឆៅពីរុស្ស៊ីធំជាងគេទីពីរនៅលើពិភពលោក បានយល់ព្រមកាត់ផ្តាច់ការទិញប្រេងពីទីក្រុងមូស្គូ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែ។ ជាមួយគ្នានេះ លោកក៏បានប្រកាសពីផែនការកាត់បន្ថយពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចេញរបស់ឥណ្ឌា ពីអត្រា ២៥% មកត្រឹម ១៨% ផងដែរ។
បន្ទាប់ពីការហៅទូរស័ព្ទនោះ លោក Trump បានឆ្លើយតបវិញថា ការសម្រេចចិត្តរបស់ឥណ្ឌានឹងជួយដល់ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់ជារៀងរាល់សប្តាហ៍។
ប្រទេសឥណ្ឌា ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងពីបរទេស បាននាំចូលប្រេងរុស្ស៊ីក្នុងតម្លៃទាបជាងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីប្រទេសលោកខាងលិចជាច្រើនបានកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី ដោយសារការឈ្លានពានអ៊ុយក្រែននៅឆ្នាំ ២០២២។ ទោះបីជាយ៉ាងនេះក្តី ទិន្នន័យពី Reuters បង្ហាញថា ឥណ្ឌាបានចាប់ផ្តើមកាត់បន្ថយការទិញប្រេងពីរុស្ស៊ីចាប់តាំងពីដើមឆ្នាំនេះ។
ទោះជាយ៉ាងណា លោក Trump ក៏បានជឿជាក់ថា ឥណ្ឌានឹងបង្កើនការទិញផលិតផលថាមពល បច្ចេកវិទ្យា កសិកម្ម និងផលិតផលផ្សេងៗពីសហរដ្ឋអាមេរិក ក្នុងតម្លៃសរុបលើសពី ៥០០ ពាន់លានដុល្លារ ក្នុងពេលអនាគត។
ជាមួយគ្នានោះលោក Narendra Modi បានថ្លែងថា ភាពជាអ្នកដឹកនាំរបស់លោក Trump មានសារៈសំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសកល ហើយឥណ្ឌាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីសន្តិភាពពិភពលោក។
ប្រភព៖ Reuters















