អគ្គលេខាធិការអង្គការណាតូ (NATO) បដិសេធការបង្កើតកងទ័ពអឺរ៉ុបដាច់ដោយឡែក ដោយបញ្ជាក់ថា NATO នៅតែជាស្នូលសន្តិសុខសម្រាប់ពិភពលោក!
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បានបដិសេធយ៉ាងច្បាស់លាស់ចំពោះការអំពាវនាវពីអ្នកនយោបាយអឺរ៉ុបមួយចំនួន ដែលចង់បង្កើតកងទ័ពអឺរ៉ុបដាច់ដោយឡែកពីអង្គការណាតូ ដោយព្រមានថា គំនិតនេះអាចធ្វើឱ្យសន្តិសុខអឺរ៉ុបកាន់តែទន់ខ្សោយ។

ថ្លែងទៅកាន់សភាអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល លោក Rutte បានលើកឡើងថា ការបង្កើតកងកម្លាំងអឺរ៉ុបឯករាជ្យនឹងធ្វើឱ្យមានការប្រកួតប្រជែងធនធានពិភពលោក និងបង្កភាពស្មុគស្មាញក្នុងការការពារ។ ដោយឡែក លោកក៏បានបន្ថែមថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹង “ពេញចិត្ត” ចំពោះការបែងចែកកម្លាំងបែបនេះ។
លោកបានអំពាវនាវឱ្យសហភាពអឺរ៉ុបបន្តបង្កើនការចូលរួមទទួលខុសត្រូវលើសន្តិសុខរបស់ខ្លួន ដូចការទាមទាររបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ប៉ុន្តែត្រូវធ្វើក្នុងបរិបទនៃសម្ព័ន្ធភាពឆ្លងអាត្លង់ទិក និងក្រោមក្របខណ្ឌ NATO។
ការលើកឡើងនេះ ធ្វើឡើងក្រោយពីមន្ត្រីជាន់ខ្ពស់មួយចំនួន រួមមាន រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares និងស្នងការការពារជាតិអឺរ៉ុប លោក Andrius Kubilius បានបង្ហាញការគាំទ្រចំពោះគំនិតបង្កើតកម្លាំងការពារអឺរ៉ុបក្នុងពេលថ្មីៗនេះ។
លោក Rutte បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះ NATO ទោះបីមានភាពមិនប្រាកដប្រជាមួយចំនួនកើតឡើងដោយសារបញ្ហានយោបាយ និងភាពតានតឹងពាក់ព័ន្ធនឹងកោះ Greenland ក៏ដោយ។
ជាមួយគ្នានេះ លោកបានព្រមានថា ប្រសិនបើអឺរ៉ុបព្យាយាមការពារខ្លួនឯងដោយឯករាជ្យ ពួកគេនឹងត្រូវចំណាយថវិកាលើសពី ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់វិស័យការពារ ហើយថែមទាំងត្រូវវិនិយោគយ៉ាងធំធេងក្នុងសមត្ថភាពនុយក្លេអ៊ែរផ្ទាល់ខ្លួន ដែលអាចធ្វើឱ្យបាត់បង់ “ឥទ្ធិពលនុយក្លេអ៊ែរ” របស់សហរដ្ឋអាមេរិក ដែលជាគ្រឹះសន្តិសុខសំខាន់បំផុតរបស់អឺរ៉ុប។
ដោយឡែក លោក Rutte ក៏បានគូសបញ្ជាក់ថា ការរឹតបន្តឹង និងពង្រឹង NATO នៅតែជាជម្រើសមានប្រសិទ្ធភាពបំផុតសម្រាប់ការធានាសន្តិសុខ និងស្ថិរភាពរបស់ទ្វីបអឺរ៉ុប។
ប្រភព៖ Reuters















