ក្រសួងពាណិជ្ជកម្ម ជំរុញសហប្រតិបត្តិការ លើការនាំចេញផលិតផលកម្ពុជា រួមមាន គ្រាប់ស្វាយចន្ទី និងផលិតផលកសិកម្មផ្សេងទៀត ទៅកាន់ទីផ្សារអន្តរជាតិ
នារសៀលថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ បានទទួលជួបសម្តែងការគួរសមជាមួយ លោក Sato Makoto អនុប្រធានប្រតិបត្តិ (Executive Vice President – EVP) និងជាប្រធានប្រតិបត្តិប្រចាំតំបន់អាស៊ី–ប៉ាស៊ីហ្វិក (Asia Pacific Regional Chief Operating Officer – COO) នៃក្រុមហ៊ុន Mitsui។

ក្នុងឱកាសនៃជំនួបសម្តែងការគួរសមនេះ ឯកឧត្តមរដ្ឋលេខាធិការ និង លោក Sato Makoto បានផ្លាស់ប្តូរមតិ និងពិភាក្សាអំពីទិដ្ឋភាពទូទៅនៃកិច្ចសហប្រតិបត្តិពាណិជ្ជកម្ម ជាពិសេសលើ ការជំរុញការនាំចេញផលិតផលកម្ពុជា រួមមាន គ្រាប់ស្វាយចន្ទី និងផលិតផលកសិកម្មផ្សេងៗ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈបណ្តាញ និងបទពិសោធន៍របស់ក្រុមហ៊ុន Mitsui។


ជាងនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចាប់អារម្មណ៍របស់ក្រុមហ៊ុន Mitsui ចំពោះផលិតផលកម្ពុជា និងបានលើកឡើងអំពីសក្តានុពល គុណភាព និងភាពអាចប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា នៅលើទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់អំពីឆន្ទៈរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រ និងសម្របសម្រួលកិច្ចសហការជាមួយដៃគូឯកជនអន្តរជាតិ ដើម្បីរួមចំណែកដល់ការជំរុញការនាំចេញ និងការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា។
ប្រភព៖ ក្រសួងពាណិជ្ជកម្ម















