លោកជំទាវ ដាំ ដារីនី៖ «បើទោះបីមានភារកិច្ចមមាញឹកយ៉ាងណាក្ដី ក៏ប៉ាម៉ានី មិនភ្លេចផ្ដល់ក្ដីស្រលាញ់ដល់កូនៗនៅអង្គការផ្ទះបាយកុមារឡើយ»
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ដាំ ដារីនី អនុប្រធាន ស.ស.យ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានអញ្ជើញចូលរួមរៀបចំថ្ងៃកំណើតរួមគ្នាដល់ប្អូនកុមារ ក្រីក្រ គ្មានទីជម្រកប្រមាណជាង ៥០០នាក់ នៅអង្គការផ្ទះបាយកុមារ។


នាឱកាសនេះ លោកជំទាវ បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ប៉ាម៉ានី ចំពោះកូនៗទាំងអស់។ លោកជំទាវបានបន្តថា បើទោះបីប៉ាម៉ានី មានភាពមមាញឹក និងមានភារកិច្ច មិនបានអញ្ជើញមកជួបកូនៗដោយផ្ទាល់ក៏ដោយ ប៉ុន្តែប៉ាម៉ានី មិនដែលភ្លេចយកចិត្តទុកដាក់ និងផ្ដល់ក្ដីស្រលាញ់ដល់កូនៗឡើយ។ ជាក់ស្ដែង ថ្ងៃនេះ ស.ស.យ.ក. ក្រោមការចង្អុលបង្ហាញរបស់ ប៉ា ម៉ានី បាននាំយកនូវនំខួបកំណើត សម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់នានា មកជូនប្អូនៗទាំងអស់ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់កូនៗនាឱកាសខួបកំណើតរួមគ្នានេះ។



ក្នុងបរិយាសដ៏ស្និទ្ធស្នាលនេះ លោកជំទាវ បានថ្លែងអំណរគុណចំពោះអង្គការផ្ទះបាយកុមារ ដែលបានចូលរួមចំណែកក្នុងបេសកកម្មរបស់ ស.ស.យ.ក. ក្នុងស្មារតីសប្បុរសធម៌ ដើម្បីបុព្វហេតុសង្គមជាតិ។ លោកជំទាវ ក៏បានផ្ដល់អនុសាសន៍ដល់កូនៗទាំងអស់ ឱ្យប្រឹងប្រែង ថែរក្សាសុខភាព បន្តការសិក្សារៀនសូត្រ ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ប្អូនៗ ជាពិសេសអភិវឌ្ឍខ្លួនឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំនាថ្ងៃអនាគត។


គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឯកឧត្តម ហ៊ុន ម៉ានី តែងតែឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញមកដោយផ្ទាល់ ឬចាត់តំណាង ដើម្បីរៀបចំខួបកំណើតរួមគ្នាដល់ប្អូនៗនៅក្នុងអង្គការផ្ទះបាយកុមារ ២ដង ក្នុងមួយឆ្នាំ ក្នុងគោលបំណងបង្ហាញក្ដីស្រលាញ់ ការយកចិត្តទុកដាក់ សួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារៈចាំបាច់មួយចំនួនមកឧបត្ថម និងចែកជូនដល់កូនៗ ប្អូនៗនៅអង្គការផ្ទះបាយកុមារ ជាពិសេសបង្កើតនូវបរិយាកាសរីករាយ បង្កើនភាពស្និទ្ធស្នាលជាមួយប្អូនៗផងដែរ៕















