|

ហ្វតតេ អ៊ិនសួរឹនស៍ និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ផ្តើមកសាងភាពជាដៃគូប៊េងកាសួរេន


រាជធានីភ្នំពេញ ថ្ងៃទី 31 ខែតុលា ឆ្នាំ 2025៖ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានចុះហត្ថលេខាជាផ្លូវការ នូវភាពជាដៃគូអាជីវកម្មប៊េងការសួរេន ដើម្បីផ្តល់ជូនអតិថិជន និងសាធារណជននូវសេវាធានារ៉ាប់រងទូទៅ តាមរយៈបណ្តាញសាខារបស់ធនាគារ FTB។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ FTB និងសាធារណជននឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនក្នុងប្រើប្រាស់ សេវាធានារ៉ាប់រងទូទៅរួមមាន សេវាធានារ៉ាប់រងទៅលើមធ្យោបាយធ្វើដំណើរ អចលនទ្រព្យ និងសេវាធានារ៉ាប់រងផ្សេងទៀត ពីក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍​ (ខេមបូឌា) ដែលជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដ៏ធំ និងមានវ័យចំណាស់ជាងគេ។

ពិធីសម្ពោធជាផ្លូវការលើភាពជាដៃគូប៊េងកាសួរេននេះប្រព្រឹត្តទៅក្រោមវត្តមាន លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា លោក មាន ច័ន្ទណារិទ្ធ ប្រធាននាយកប្រតិបត្តិសេវាហិរញ្ញវត្ថុអាជីវកម្ម នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា  លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងលោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងអតិថិជនរបស់ស្ថាប័នទាំងពីរ ដើម្បីចូលរួមធ្វើជាសក្ខីភាព និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីសេវាធានារ៉ាប់រងទូទៅនេះ។

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដ៏ធំ និងមានវ័យចំណាស់ជាងគេ ដែលមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាតាំងពីឆ្នាំ1999 ដែលបាននិងកំពុងឈានមុខគេលើទីផ្សារធានារ៉ាប់រងក្នុងស្រុកអស់រយៈពេលជាង 26ឆ្នាំ មកហើយ។ អ្វីដែលក្រុមហ៊ុនតែងតែផ្តោតសំខាន់នោះ គឺការផ្តល់ជូននូវដំណោះស្រាយជាច្រើនជម្រើស រាប់ចាប់ពីសេវាធានារ៉ាប់រងខ្នាតតូច និងកសិកម្ម រហូតដល់សេវាធានារ៉ាប់រងលើការធ្វើដំណើរ គ្រោះថ្នាក់ សុខភាព សំណង់ ទ្រព្យសម្បត្តិ យានយន្ត និងធានារ៉ាប់រងផ្សេងៗទៀត។ ភាពជាដៃគូប៊េងកាសួរេន  ដែលកំពុងប្រព្រឹត្តទៅនាឱកាសថ្ងៃនេះ ពួកយើងជឿជាក់យ៉ាងមុតមាំថា នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្បូរបែបដល់អតិថិជនរបស់ស្ថាប័នយើងទាំងពីរ ដូចជា៖ ដំណោះស្រាយដ៏ច្រើនសម្បូរបែបស្ថិតនៅក្នុងកន្លែងតែមួយ (One-Stop Solution) ការការពារហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ និង ទំនុកចិត្ត និងស្ថិរភាពយូរអង្វែង។”

លោក ស៊ុយ ចាន់ថារ៉ុង បានបន្ថែមយ៉ាងដូច្នេះថា៖ “កាលពីថ្ងៃទី22 ខែកញ្ញា ឆ្នាំ2025នេះ ហ្វតតេ បន្តជាប់ចំណាត់ថ្នាក់ AA+(KH) (កម្រិតជាតិ) និង B+ (កម្រិតអន្តរជាតិ) លើភាពរឹងមាំ និងស្ថិរភាពហិរញ្ញវត្ថុ សម្រាប់ឆ្នាំ2025 ពីភ្នាក់ងារវាយតម្លៃឥណទានលំដាប់អន្តរជាតិ GCR Ratings (បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Moody’s)។ នេះគឺជាមោទនភាពមួយរបស់ ក្រុមហ៊ុន ហ្វតតេ ដែលបានរួមសហការអាជីវកម្មជាមួយធនាគារ FTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកទី 1 របស់កម្ពុជា ដោយទទួលបានការទុកចិត្តលើសេវាកម្ម និងអាជីកម្មចាប់តាំងពីឆ្នាំ1979។

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃ កម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ ”ពិធីសម្ពោធជាផ្លូវការលើភាពជាដៃគូប៊េងកាសួរេន នាថ្ងៃនេះ នឹងអនុញ្ញាតឱ្យធនាគារFTB ពង្រីកការផ្តល់សេវាបន្ថែមទៀតដោយរួមបញ្ចូលសេវាធានារ៉ាប់រងទូទៅទៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់អតិថិជនដែលមានតម្រូវការសេវាធនាគារ និងសេវាធានារ៉ាប់រង ដែលអតិថិជនអាចធ្វើការបង់ទូទាត់សេវាធានានេះតាមរយៈបណ្តាញសាខារបស់ធនាគារ FTB បាន។”

អំពី ហ្វតតេ

ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងទូទៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យក្នុងការផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង ក្រោមពាក្យស្លោក “បុគ្គលម្នាក់អាជីវកម្មមួយ ក្នុងពេលតែមួយ”។

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិត និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងដ៏ចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេស ដែលឈានមុខគេក្នុងទីផ្សារធានារ៉ាប់រងទូទៅ។

ការផ្តល់ជូន ទាំងសេវាធានារ៉ាប់រងទូទៅ និងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា និងការធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ក្រុមហ៊ុន ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិជាច្រើន និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយធានារ៉ាប់រងជាក្រុមច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។

ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត និងជូនរង្វាន់បុគ្គលិកដែលមានស្នាដៃ និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍអាជីពការងារតាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.forteinsurance.com

អំពី ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ២,៣ ពាន់លានដុល្លារអាមេរិក។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចង្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://ftb.com.kh


រាល់ចម្ងល់ទាក់ទងនឹងព័ត៌មានខាងលើ សូមទាក់ទងទៅកាន់៖
Mrs. Chum Noy
Head of Group Marketing and Communications noy@forteinsurance.com