ទម្លាប់ល្អៗមួយចំនួន ជួយអ្នកចៀសផុតពីការប្រឡងសង
ដោយ៖ ផាត់ គឹមឆែ
ការសិក្សានៅមហាវិទ្យាល័យ ជាកិច្ចការមួយដែលទាមទារឲ្យនិស្សិតគ្រប់រូប យកចិត្តទុកដាក់ចំណាយពេលវេលាច្រើនលើការសិក្សាស្រាវជ្រាវ ច្រើនជាងចំណេះដឹងដែលចាំត្រងទទួលពីគ្រូបង្រៀន និងសាស្ត្រាចារ្យ។ ជាទូទៅមិនថាការសិក្សាកម្រិតណាទេ តែងមានការប្រឡងវាស់ស្ទង់សមត្ថភាព។ ពិសេសនៅថ្នាក់មហាវិទ្យាល័យ បើអ្នកមិនបានត្រៀមខ្លួនឲ្យល្អ ក៏ដូចជាបង្កើតទម្លាប់សិក្សាមួយចំនួនដើម្បីធានាការសិក្សារបស់អ្នកឲ្យបានត្រឹមត្រូវនោះទេ អ្នកនឹងចៀសមិនផុតពីការប្រឡងសងនោះទេ។ ដូចនេះអ្នកគួរចាប់ផ្ដើមបង្កើតទម្លាប់សម្រាប់ខ្លួនឯងពីឥឡូវនេះ ជាមួយនឹងទម្លាប់សាមញ្ញៗ ក្នុងការជួយអ្នកឲ្យចៀសផុតពីការប្រឡងសង៖
១. កុំខកខានក្នុងការសិក្សា៖ នេះជាទម្លាប់សាមញ្ញមួយ មិនថាកម្រិតវប្បធម៌ណាមួយនោះទេ ការទៅរៀនឲ្យបានទៀងទាត់ គឺមានន័យថាយើងបានតាមដានការពន្យល់ពីលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ មិនរំលងមេរៀនណាមួយ។ ជាការពិតមួយ កាលបើបានស្ដាប់ បានមើលពីសកម្មភាពបង្រៀនរបស់គ្រូ នាំឲ្យយើងឆាប់ទទួលបានជាងការមើលដោយខ្លួនឯង។
២. ធ្វើកិច្ចការសាលា(Assignment)៖ ជាធម្មតាកិច្ចការសាលា តម្រូវឲ្យនិស្សិតអានច្រើន និងមានការស្រាវជ្រាវខ្ពស់ទៅលើសំណួរ ឬប្រធានបទណាមួយ។ នៅមហាវិទ្យាល័យ ការចូលរួមធ្វើកិច្ចការទាំងអស់នេះជាតឹកតាងបង្ហាញពីការយកចិត្តទុកដាក់ក្នុងការសិក្សារបស់និស្សិតគ្រប់រូប ពិសេសកិច្ចការនេះជាពិន្ទុសំខាន់សម្រាប់បំពេញបន្ថែមជាមួយលទ្ធផលប្រឡងផងដែរ។ តាមរយៈការស្រាវជ្រាវ នាំឲ្យយើងទទួលបានចំណេះដឹង ពុទ្ធិថ្មីៗ និងកាន់តែយល់ច្បាស់ពីខ្លឹមសារមេរៀននីមួយៗ។
៣. ធ្វើអ្វីដែលមានអាទិភាព៖ និស្សិតត្រូវផ្ដល់ភាពសំខាន់ដូចគ្នា ក្នុងការសិក្សាគ្រប់មុខវិជ្ជា តែត្រូវដឹងថាកិច្ចការណាមួយដែលចាំបាច់ធ្វើមុន និងក្រោយ។ ពេលខ្លះមានកិច្ចការដែលត្រូវធ្វើច្រើនណាស់ក្នុងនាមជានិស្សិតមហាវិទ្យាល័យម្នាក់ កាលណានិស្សិតចេះបែងចែកអាទិភាពនៃកិច្ចការ នោះនឹងមិនខកខានកិច្ចការណាមួយឡើយ។
៤. បង្កើតកាលវិភាគសម្រាប់ខ្លួនឯង៖ និស្សិតដែលប្រឡងសងភាគច្រើន តែងតែចំណាយពេលត្រឹមមួយយប់ចុងក្រោយដើម្បីរំលឹកមេរៀន មុនការប្រឡងមកដល់។ នេះជាការធ្វេសប្រហែសមួយ និស្សិតត្រូវមានទំនួលខុសត្រូវ មានកាលវិភាគច្បាស់លាស់ក្នុងការស្រាវជ្រាវ និងរំលឹកមេរៀនដែលបានរៀនហើយ។ ត្រឹម១០ ទៅ១៥ នាទីសម្រាប់មួយមុខវិជ្ជា ក៏គ្រប់គ្រាន់ឲ្យខួរក្បាលរបស់អ្នកចងចាំនូវអ្វីដែលបានរៀនកន្លងទៅ។ តែត្រូវប្រាកដថា គ្រប់មេរៀនទាំងអស់ គឺទាមទារឲ្យយល់ មិនត្រឹមតែចាំនោះទេ កាលណាអ្នកយល់អ្នកនឹងមានទំនុកចិត្តថា ការចងចាំនោះនឹងមិនបាត់បង់ក្នុងរយៈពេលខ្លីនោះទេ។
៥. ភាពប្រុងប្រយ័ត្ន៖ បើនិយាយពីការសិក្សារៀនសូត្រ ក៏ត្រូវទាមទារឲ្យមានភាពប្រុងប្រយ័ត្នខ្ពស់ ដែរ។ ត្រៀមខ្លួនឲ្យបានល្អ ទាំងពេលស្ដាប់គ្រូពន្យល់ បើមិនច្បាស់ត្រូវហ៊ានសួរនាំ និងសរសេរដោយការប្រិតប្រៀង។ បើអ្នកមានចំណេះដឹងហើយ តែខ្វះភាពប្រាកដប្រជា អ្នកអាចនឹងថ្លោះធ្លោយនៅចំណុចណាមួយ។ ដើម្បីឲ្យមានទំនុកចិត្ត ចៀសវាងការភាន់ច្រឡំពេលប្រឡង វិធីល្អបំផុតគឺការអាននឹងស្រាវជ្រាវឲ្យបានច្រើន ពេលដែលអ្នកច្បាស់នឹងមេរៀនមួយនោះហើយ សមត្ថភាពរបស់អ្នកនឹងជួយឲ្យការប្រឡងដំណើរការដោយរលូន។
មិនមែនទាល់តែជានិស្សិតពូកែ លេចធ្លោ ក្នុងថ្នាក់ទើបមិនធ្លាប់ប្រឡងសងនោះទេ។ ឲ្យតែមានទំនួលខុសត្រូវ ស្គាល់ពីកាតព្វកិច្ច ភារកិច្ចខ្លួនឯងក្នុងការសិក្សារៀនសូត្រ នោះអ្នកនឹងគ្មានប្រវត្តិប្រឡងសងពេលសិក្សានៅមហាវិទ្យាល័យនោះទេ។ បើក្នុងរយៈពេល៤ឆ្នាំនេះ អ្នកគ្មានប្រវត្តិប្រឡងសងទេ នេះបញ្ជាក់ថា អ្នកជានិស្សិតដែលមានទំនួលខុសត្រូវខ្ពស់មួយរូប។ យ៉ាងណាមិញចំណុចសាមញ្ញៗខាងលើអាចនឹងមិនទាន់ក្រសោបបានគ្រប់ជ្រុងជ្រោយនៅឡើយទេ ប៉ុន្តែបើអ្នកអនុវត្តបាននូវរាល់ចំណុចទាំងនេះ វានឹងអាចជួយជំរុញការសិក្សារៀនសូត្ររបស់អ្នកឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត៕
រូបភាព: BBC, Top News, The Conversation
កែសម្រួលដោយ៖ BRANDMEDIA