|

កម្ពុជា ថៃព្រមព្រៀង រៀបចំកិច្ចប្រជុំពិសេសបន្ទាប់ក្នុងរយៈពេល ៩០ ថ្ងៃតាមតម្រូវការចាំបាច់ក្រោយកិច្ចប្រជុំ(GBC)


ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តនៅថ្ងៃនេះនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះ មានឯកឧត្តម Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ជាសហប្រធាន និងស្ថិតក្រោមការសង្កេតការណ៍របស់តំណាងប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងក្រុមការងារ IOT ប្រចាំកម្ពុជា និងថៃ។

ឯកឧត្តម ទៀ សីហា បានថ្លែងថា កិច្ចប្រជុំបានសម្រេចឯកភាពលើយន្តការសំខាន់ៗ ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា និងបង្កើនសន្តិភាពនៅតំបន់ព្រំដែន។ ភាគីទាំងពីរ បានចុះហត្ថលេខាលើឯកសារផែនការសកម្មភាពសម្រួលអាវុធធុនធ្ងន់ (TOR) និង SOP សំរាប់ការដោះមីនមនុស្សធម៌ ដែលនឹងជួយការពារ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រជាពលរដ្ឋក្នុងតំបន់។

កិច្ចប្រជុំនេះក៏បានពិភាក្សា និងឯកភាពលើការបង្ក្រាបបទល្មើសឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស។ ភាគីទាំងពីរបានផ្តល់ការគាំទ្រដល់ការងាររបស់ស្ថាប័នពាក់ព័ន្ធ ដោយធានាថា ការដោះស្រាយបញ្ហាទាំងនេះនឹងអនុវត្តស្របច្បាប់ជាតិ និងគោលការណ៍មនុស្សធម៌។

ឯកឧត្តម ក៏បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលរៀបចំចុះហត្ថលេខានាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានការជួយសម្របសម្រួលពីសហរដ្ឋអាមេរិក និងម៉ាឡេស៊ី។ កិច្ចព្រមព្រៀងនេះនឹងលើកកម្ពស់ទំនាក់ទំនង និងភាពសន្តិភាពរវាងប្រទេសទាំងពីរ និងអនុវត្តដល់ការដោះលែងទាហានកម្ពុជាទាំង ១៨ នាក់។

ដោយឡែក ភាគីទាំងពីរ ក៏បានព្រមព្រៀងថា នឹងរៀបចំកិច្ចប្រជុំពិសេសបន្ទាប់ក្នុងរយៈពេល ៩០ ថ្ងៃ ឬតាមតម្រូវការចាំបាច់ក្រោយកិច្ចប្រជុំនេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា កម្ពុជា នឹងបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងប្រទេសមិត្តទាំងអស់។

ប្រភព៖ ក្រសួងការពារជាតិ