|

កម្ពុជា-ថៃ ឯកភាពសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង


កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា–ថៃ បានប្រព្រឹត្តទៅនៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ នៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល។

ភាគីកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា–ថៃ។ ភាគីថៃត្រូវបានដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ–កម្ពុជា។

ក្នុងឱកាសនៃកិច្ចប្រជុំពិសេសនេះ ភាគីទាំងពីរបានសម្រេចឯកភាពលើចំណុចសំខាន់ៗដូចតទៅ៖
១. ឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា–ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដែលភាគីទាំងពីរបានយល់ព្រម។
២. ឯកភាពសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹកចំនួន ៣ នៅទីតាំងដែលភាគីទាំងពីរនឹងយល់ព្រមជាថ្មី។
៣. ឯកភាពពន្លឿនការកែសម្រួលនៃបែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹងការផលិតផែនទីអ័រតូហ្វូតូ (ចំណុចទី៤ ជំហានទី២ នៃ TOR ឆ្នាំ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប LiDAR (Light Detection and Ranging) ដើម្បីពន្លឿនដំណើរការវាស់វែង និងខណ្ឌសីមាព្រំដែន។
៤. ស្តីពីការចុះវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែង ក្នុងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២–៤៧ នៅតំបន់ភូមិជោគជ័យ–ណងចាន់ និងភូមិព្រៃចាន់–ណងយ៉ាកែវ៖
 ក. ឯកភាពពិនិត្យ និងកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់វែងរួម និងការបោះបង្គោលបណ្តោះអាសន្ន នៅតំបន់អាទិភាពនេះ។
 ខ. បន្ទាប់ពីបញ្ចប់ការវាស់វែង និងការបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលសម្រាប់ការកំណត់យន្តការសមស្របមួយ ដើម្បីកែសម្រួលស្ថានភាពនៃការកាន់កាប់ និងអាស្រ័យផលរបស់ភាគីទាំងពីរ។
 គ. ការបោះបង្គោលបណ្តោះអាសន្នធ្វើឡើងក្នុងគោលបំណងបម្រើការវាស់វែងប៉ុណ្ណោះ ដោយមិនប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា–ថៃ។
 ឃ. ភាគីទាំងពីរបានឯកភាពសម្របសម្រួលអោយអាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងយោធា និងប្រជាពលរដ្ឋ មានការចូលរួមធានាសុវត្ថិភាព និងជួយសហការជាមួយក្រុមវាស់វែងចម្រុះ។ ភាគីទាំងពីរបានសន្យាចៀសវាងពីសកម្មភាពណាមួយដែលអាចបង្កភាពតានតឹង បន្ថែមទៀត និងធានាសុវត្ថិភាពពីគ្រាប់មីន តាមការកំណត់ក្នុងមាត្រា ៣ នៃកិច្ចព្រមព្រៀង (MOU) ឆ្នាំ២០០០។
៥. ភាគីទាំងពីរបានឯកភាពថា កិច្ចប្រជុំបន្ទាប់នៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងប្រព្រឹត្តទៅនៅសប្ដាហ៍ទីមួយនៃខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។