|

«គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើឱ្យ OHCHR ចូលរួមអន្តរាគមន៍បន្ទាន់ ដើម្បីដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាចំនួន ១៨ នាក់ ដែលត្រូវបានឃុំខ្លួនខុសច្បាប់ ដោយយោធាថៃ»


គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានគោរពបញ្ជាក់ឡើងវិញចំពោះញត្តិបន្ទាន់ របស់ គ.ស.ម.ក. បានចុះនៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់របស់យោធាថៃមកលើកងទ័ពកម្ពុជា ដោយការប្រព្រឹត្តមិនគប្បី និងការធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាចំនួនត្រឹមតែ ២ នាក់ត្រឡប់មកវិញ ក្នុងចំណោមកងទ័ព ២០ នាក់តែប៉ុណ្ណោះ។

គិតត្រឹមថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈពេល ៦៥ ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន ១៨ នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ ចូលជាធរមាននៅពាក់កណ្តាលយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥។

យ៉ាងណាមិញ គ.ស.ម.ក. មានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ពីការបន្តឃុំខ្លួនដោយខុសច្បាប់នេះ ដែលបង្កការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ នេះរួមមានការហាមឃាត់ការឃុំខ្លួនដោយអនាមិក ឬដោយឯកចិត្ត ដូចដែលបានកំណត់ក្នុងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ។

តាមរយៈក្រុមគ្រួសាររបស់កងទ័ពកម្ពុជាទាំង ១៨ នាក់ កំពុងទទួលរងនូវភាពសោកសៅ និងទុក្ខព្រួយយ៉ាងជ្រាលជ្រៅ ដែលពួកគេមានភាពភ័យខ្លាច និងមិនអាចសម្រាន្តបាន ព្រោះខ្វះខាតព័ត៌មានអំពីសុវត្ថិភាព និងជីវិតរបស់មនុស្សជាទីស្រឡាញ់។ ម្តាយ ឪពុក ប្រពន្ធ និងកូនៗរបស់កងទ័ពទាំងនោះ កំពុងរស់នៅក្នុងស្ថានភាពកង្វល់ និងព្រួយចិត្តជានិច្ច។

ដោយហេតុនេះ គ.ស.ម.ក. បានគោរពស្នើសុំឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR) ដែលមានអាណត្តិលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ចូលរួមអន្តរាគមន៍ជាបន្ទាន់ជាមួយរាជរដ្ឋាភិបាលប្រទេសថៃ ដើម្បីធានាថា កងទ័ពកម្ពុជាទាំង ១៨ នាក់ ត្រូវបានដោះលែងដោយឥតលក្ខខណ្ឌ និងធ្វើមាតុភូមិនិវត្តន៍តាមច្បាប់អន្តរជាតិ។

គ.ស.ម.ក. ក៏បានបញ្ជាក់ថា ការខ្វះខាតនូវសកម្មភាពជាក់ស្ដែង និងទាន់ពេលវេលា អាចនឹងត្រូវបកស្រាយថា ជាការយល់ស្រប ឬការមិនអើពើចំពោះការរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពបែបនេះ មិនត្រឹមតែប៉ះពាល់ដល់សិទ្ធិ និងកិត្តិយសរបស់កងទ័ពកម្ពុជានោះទេ ប៉ុន្តែថែមទាំងបង្កគំរូអាក្រក់ក្នុងការរួចផុតពីទោសទណ្ឌ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងប្រសិទ្ធភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិផងដែរ។

ដោយឡែក គ.ស.ម.ក. ក៏បានជំរុញឱ្យ OHCHR ចូលរួមដោះស្រាយបញ្ហានេះជាបន្ទាន់ និងគាំទ្រកម្ពុជាក្នុងការតវ៉ាដើម្បីទទួលបានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ។ យើងមានក្តីរំពឹងថា ឯកឧត្តម នឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ និងយុត្តិធម៌ ដើម្បីការពារជនរងគ្រោះនៃអំពើខុសច្បាប់បែបនេះ។

ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល