អ្វីទៅជាបណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋ


ដោយ៖ ផាត់ គឹមឆែ

យោងទៅតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃទី ២៦ មិថុនា ឆ្នាំ២០២១ នេះបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ខេត្តបាត់ដំបងជាបេក្ខភាព​« ទីក្រុងដែលមានភាពច្នៃប្រតិដ្ឋលើផ្នែកម្ហូបអាហារ» របស់អង្គការយូណេស្កូ។ តាមប្រភពដដែលបានបង្ហាញថា ការចូលជាសមាជិកបណ្ដាញនេះ នឹងអនុញ្ញាតឲ្យកម្ពុជាមានសិទ្ធិប្រើប្រាស់និម្មិតសញ្ញា (Logo) របស់បណ្ដាញ ដើម្បីធ្វើការផ្សព្វផ្សាយអំពីសក្ដានុពល​ទេសចរណ៍ទីក្រុង និងមុខមាត់របស់ទីក្រុងជ័យលាភី ក៏ដូចជាប្រទេសជាតិទាំងមូល ពិសេសការតម្រង់ឆ្ពោះទៅរកការផ្សព្វផ្សាយទេសចរណ៍ម្ហូបអាហារ ដែលជានិន្នាការថ្មីរបស់ពិភពលោក។

UNESCO Creative Cities Network

តើអ្វីទៅជាបណ្ដាញទីក្រុង​ច្នៃប្រតិដ្ឋរបស់អង្គការ យូណេស្កូ (UNESCO Creative Cities Network)?

បណ្តាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់យូណេស្កូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីក្រុងដែលបានកំណត់ការច្នៃប្រតិដ្ឋជាកត្តាយុទ្ធសាស្ត្រសម្រាប់ ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។ ទីក្រុងចំនួន ២៤៦ ដែលបច្ចុប្បន្នបង្កើតបណ្តាញនេះ     ធ្វើការរួមគ្នាដើម្បី ឆ្ពោះទៅរកគោលបំណងរួមមួយ គឺការដាក់ឧស្សាហកម្មច្នៃប្រតិដ្ឋ ជាចំណុចស្នូលនៃផែនការអភិវឌ្ឍន៍របស់ពួកគេនៅថ្នាក់មូលដ្ឋាន និងសហប្រតិបត្តិការយ៉ាងសកម្មនៅកម្រិតអន្តរជាតិ។

តាមរយៈការចូលរួមនេះ បណ្តាញទីក្រុងទាំងអស់ប្តេជ្ញាចែករំលែកការអនុវត្តល្អបំផុត និងអភិវឌ្ឍភាពជាដៃគូដែលពាក់ព័ន្ធនឹងវិស័យសាធារណៈ និងឯកជនក៏ដូចជាសង្គមស៊ីវិលដើម្បី៖

  • ពង្រឹងការបង្កើតផលិតកម្ម ការចែកចាយ និងផ្សព្វផ្សាយសកម្មភាពវប្បធម៌ទំនិញ និងសេវាកម្ម។
  • បង្កើតមជ្ឈមណ្ឌលច្នៃប្រតិដ្ឋ ពង្រីកឱកាសសម្រាប់អ្នកច្នៃប្រតិដ្ឋ និងអ្នកជំនាញក្នុងវិស័យវប្បធម៌។
  • ធ្វើឱ្យប្រសើរឡើងនូវដំណើរការ និងការចូលរួមនៅលើផ្នែកវប្បធម៌ជាពិសេសសម្រាប់អ្វី ដែលប្រឈមនឹងការបាត់បង់ ។
  • បញ្ចូលវប្បធម៌ និងការច្នៃប្រតិដ្ឋយ៉ាងពេញលេញទៅក្នុងផែនការអភិវឌ្ឍប្រកបដោយចីរភាព។

បណ្តាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋនេះ គ្របដណ្តប់លើវិស័យច្នៃប្រតិដ្ឋចំនួន ៧ ប្រភេទគឺ៖

១. ទីក្រុងដែលមានភាពច្នៃប្រតិដ្ឋលើសិប្បកម្ម និងសិល្បៈប្រជាប្រិយ (Crafts and Folk Arts)

២. ទីក្រុងដែលមានភាពច្នៃប្រតិដ្ឋលើផ្នែកផ្សព្វផ្សាយ (Media Arts)

៣. ទីក្រុងដែលមានភាពច្នៃប្រតិដ្ឋលើផ្នែកខ្សែភាពយន្ត (Film)

៤.ទីក្រុងដែលមានភាពច្នៃប្រតិដ្ឋលើផ្នែករចនាបថ និងការតុបតែង (Design)

៥.ទីក្រុងដែលមានភាពច្នៃប្រតិដ្ឋលើផ្នែកម្ហូបអាហារ (Gastronomy)

៦.ទីក្រុងដែលមានភាពច្នៃប្រតិដ្ឋលើផ្នែកអក្សរសាស្ត្រ (Literature)

៧.ទីក្រុងដែលមានភាពច្នៃប្រតិដ្ឋលើផ្នែកតន្ត្រី (Music)

បណ្តាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋ គឺជាដៃគូដែលមានឯកសិទ្ធិរបស់យូណេស្កូ មិនត្រឹមតែជាវេទិកាសម្រាប់ឆ្លុះបញ្ចាំងពីតួនាទីនៃការច្នៃប្រតិដ្ឋ ជាអ្នកជម្រុញការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងបង្កាត់សកម្មភាពនៃការច្នៃប្រតិដ្ឋផងដែរ ជាពិសេសសម្រាប់ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ឲ្យមាននិរន្តរភាព។ ឧទាហរណ៍ជាក់ស្ដែង ការដាក់ខេត្តបាត់ដំបងជាបេក្ខភាព ទីក្រុងដែលមានភាពច្នៃប្រតិដ្ឋលើផ្នែកម្ហូបអាហារ នាំឲ្យប្រជាពលរដ្ឋក្នុងខេត្តនេះ នឹងមានឱកាសក្នុងការផ្សព្វផ្សាយនូវទេសចរណ៍ម្ហូបអាហារ តាមគំនិតច្នៃប្រតិដ្ឋរបស់ខ្លួន ជាការមួយដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តកាន់តែច្រើន និងជាផ្នែកមួយក្នុងការជួយដល់សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនផងដែរ៕

ប្រភព៖ UNESCO, ក្រសួងទេសចរណ៍, EDU ACTIVE, Medium