គ្រោះបាក់ផ្លូវដ៏ធំមួយបណ្ដាលឱ្យមានរណ្ដៅជម្រៅ ៥០ម៉ែត្រ នៅទីក្រុងបាងកក ប្រទេសថៃ
ការបាក់ផ្លូវដ៏ធំមួយបានកើតឡើងនៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ដោយបណ្ដាលឱ្យមានរណ្ដៅជម្រៅប្រហែល៥០ម៉ែត្រ នៅទល់មុខនឹងមន្ទីរពេទ្យ Vajira Hospital ក្នុងទីក្រុងបាងកក ប្រទេសថៃ។
មន្ត្រីការិយាល័យពន្លត់អគ្គិភ័យនិងសង្គ្រោះស្រុក Samsen បានចុះដល់កន្លែងកើតហេតុឃើញមានបាក់ផ្លូវធំមួយមានរណ្តៅទំហំ៣០គុណ៣០ម៉ែត្រ ជម្រៅ៥០ម៉ែត្រ ។ រណ្ដៅនៅមុខមន្ទីរពេទ្យ និងប៉ុស្តិ៍នគរបាលSamsen នៅតែបន្តបាក់ធំទៅៗ ។ យ៉ាងណាមិញ ពីដំបូងឡើយហេតុការណ៍នេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ។ ដោយឡែក ក្រុមមន្ត្រីបានធ្វើការជម្លៀសអ្នកជំងឺ និងអ្នករស់នៅក្បែរនោះចេញពីតំបន់ដែលរងគ្រោះ។
ទន្ទឹមនឹងនោះ បុរសម្នាក់នៅមន្ទីរពេទ្យបានបង្ហោះរូបថតនៃហេតុការណ៍នេះ ដោយភ្ជាប់មកជាមួយពាក្យថា “មកជួបគ្រូពេទ្យ ចុងក្រោយក្លាយជាជនរងគ្រោះដោយគ្រោះមហន្តរាយ។
គួរបញ្ជាក់ថា ដីនៅមុខមន្ទីរពេទ្យបានលិច ហើយបង្គោលភ្លើងបានដួលរលំ ខណៈអ្នកជម្ងឺកំពុងត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ”។
(ប្រភព៖ Khaosod)




















