សេចក្តីព្រាងសេចក្តីសម្រេចចំនួនពីរស្នើឡើងដោយសភាកម្ពុជា ត្រូវបានគណៈកម្មាធិការរៀបចំរបស់អាយប៉ាលើកទី៤៦ បានអនុម័ត
ឯកឧត្តម លី ឆេង អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាម្ពុជា បានអញ្ជើញដឹកនាំប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំបូកសរុប នៃមហាសន្និបាតអាយប៉ាលើកទី៤៦ ដែលសភាម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងកូឡាឡំពួរ កាលពីព្រឹកថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៥។

កិច្ចប្រជុំគណៈកម្មការនេះត្រូវបានរៀបចំ និងបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច និងឯកសារចំនួន១៦ ក្នុងនោះមានសេចក្តីព្រាងសេចក្តីសម្រេចចំនួន ២ ផ្តួចផ្តើមដោយសភាកម្ពុជា។ ទី១ ស្តីពី ការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា និងទី២ ស្តីពី ការបង្កើតភាពជាដៃគូអាយប៉ា ដើម្បីលើកកម្ពស់ការចូលរួមរបស់អាយប៉ាជាមួយដៃគូពាក់ព័ន្ធ សម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព។

ចំពោះសេចក្តីព្រាងសេចក្តីសម្រេចស្តីពី វេទិកាថ្នាក់ដឹកនាំអាយប៉ា ត្រូវបានសភាកម្ពុជាតាក់តែងឡើង ដោយមានគោលបំណងបង្កើតកន្លែងសម្រាប់ដឹកនាំអាយប៉ា ឲ្យមានកិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងពហុភាគី លើបញ្ហាថ្មីៗក្នុងតំបន់ និងអន្តរជាតិ។

ដោយឡែកគោលបំណងចម្បងគឺដើម្បីពង្រឹងការចូលរួមរបស់សភាអាយប៉ា ជាមួយសភាសង្កេតការណ៍ និងអង្គការដៃគូ ពាក់ព័ន្ធនឹងបេសកកម្មអាយប៉ា។ វាមានន័យថា ជួយបង្កើតក្របខ័ណ្ឌរួម សម្រាប់លើកកម្ពស់ការទូតសភា បង្កើនការចូលរួមជ្រៅជាងមុន និងពង្រឹងមជ្ឈភាពអាស៊ាន នេះបញ្ជាក់ពីការរួមចំណែកក្នុងការពង្រឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងមូលបទអាស៊ានឆ្នាំ២០២៥ របស់ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ី ដែលមានប្រធានបទថា “បរិយាបន្ន និងចីរភាព”។
ប្រភព៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា











