ចំនួនសិស្សនិទ្ទេស A ឆ្នាំនេះកើនឡើងជាង ៧០០ នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៤
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នឹងប្រកាសជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងថ្ងៃតែមួយទូទាំងប្រទេស ដោយមិនមានការបែងចែកការប្រកាសនៅរាជធានី និងខេត្តដូចឆ្នាំមុនៗឡើយ។


មុនថ្ងៃប្រកាសផ្លូវការ ពោលគឺថ្ងៃទី១៩ ខែកញ្ញា ក្រសួងអប់រំបានចេញរបាយការណ៍ខ្លីមួយ បង្ហាញពីស្ថិតិជាសាធារណៈដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តាមរបាយការណ៍នោះ បេក្ខជនប្រឡងដែលបានជាប់មាន៖ និទ្ទេស A ចំនួន ៣,០០៣ នាក់ និទ្ទេស B ចំនួន ៩,៩០១ នាកនិទ្ទេស C ចំនួន ២៨,៨០១ នាក់ និទ្ទេស D ចំនួន ៤៥,៨៥៩ នាក់ និងនិទ្ទេស E ចំនួន ៣៤,៩០៩ នាក់។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ចំនួនសិស្សទទួលបាន និទ្ទេស A បានកើនឡើងយ៉ាងច្បាស់ ពី ២,២១៦ នាក់ ក្នុងឆ្នាំ២០២៤ ទៅដល់ ៣,០០៣ នាក់ ក្នុងឆ្នាំ២០២៥។ នេះមានន័យថា កើនឡើងជាង ៧៨៧ នាក់ ក្នុងរយៈពេលតែមួយឆ្នាំ។


លទ្ធផលដ៏ល្អប្រសើរនេះ បានមកពីកត្តាជំរុញច្រើនយ៉ាងដូចជា ការកែលម្អគោលនយោបាយសិក្សា និងប្រឡង ដែលមានតម្លាភាព និងស្តង់ដារកាន់តែច្បាស់ ការប្រើប្រាស់បច្ចេកវិទ្យា និងកម្មវិធីបន្ថែម ដែលអនុញ្ញាតឲ្យសិស្សមានឱកាសសិក្សាក្រៅម៉ោងបានកាន់តែច្រើន ការយកចិត្តទុកដាក់ពីឪពុកម្តាយ និងសហគមន៍ ដែលជំរុញឲ្យកូនៗមានវិន័យ និងខិតខំប្រឹងប្រែង ភាពប្រកួតប្រជែងក្នុងសង្គម ដែលក្លាយជាថាមពលជំរុញសិស្សឲ្យសិក្សាខិតខំជាងមុន ជាពិសេសការខិតខំរបស់សិស្សខ្លួនឯងផ្ទាល់។ ការកើនឡើងនេះមានន័យថា សិស្សកម្ពុជា កំពុងបង្ហាញសមត្ថភាពកាន់តែរឹងមាំក្នុងវិស័យអប់រំ ព្រមទាំងឆ្លុះបញ្ចាំងពីប្រព័ន្ធអប់រំនៅកម្ពុជាដែលកំពុងសម្រេចបានវឌ្ឍនភាពផងដែរ៕















