ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បំពាក់គ្រឿងឥស្សរិយយសជូនប្រធានខេមរសហព័ន្ធតេក្វាន់ដូកម្ពុជា
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូកម្ពុជា បានទទួលជួបសម្តែងការគួរសម និងបំពាក់គ្រឿងឥស្សរិយយសជូនលោក Lee Dong Sup ,Chairman Kukkiwon Taekwondo ចំពោះការចូលរួមលើកកម្ពស់វិស័យតេក្វាន់ដូនៅកម្ពុជា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េ និងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធតេក្វាន់ដូនៅកម្ពុជា។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់កម្ពុជារបស់ លោកប្រធាន Kukkiwon Taekwondo, Lee Dong Sup និងលោកជំទាវ ព្រមទាំងបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលចំពោះការជួយគាំទ្រពីសំណាក់ ស្ថាប័នតេក្វាន់ដូ Kukkiwon ដែលជា World Taekwondo Headquarter ក្នុងការបង្កើតការិយាល័យនៅទីក្រុងភ្នំពេញ និងគាំទ្រដល់ការពង្រីកថ្នាក់តេក្វាន់ដូនៅកម្ពុជា ដោយគូសបញ្ជាក់ថាកីឡាតេក្វាន់ដូកំពុងទទួលបានការចាប់អារម្មណ៍ និងកាន់តែពេញនិយមខ្លាំងពីសំណាក់យុវជនកម្ពុជា។

ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះការចូលរួមឧបត្តម្ភគាំទ្រដល់វិស័យកីឡាតេក្វាន់ដូនៅកម្ពុជាជាច្រើនឆ្នាំមកនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ជូនចំពោះ លោក LEE DONG SUP ប្រធាន Kukkiwon Taekwondo ដែលត្រូវបានបំពាក់ជូនដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូកម្ពុជាក្នុងឱកាសនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមកោតសរសើរ និងថ្លែងអំណរគុណ ដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងបណ្ឌិតសភាតៃក្វាន់ដូកម្ពុជា ជាពិសេសដល់ស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលចូលរួមឧបត្ថម្ភគាំទ្រដល់វិស័យកីឡាតេក្វាន់ដូ នៅកម្ពុជាឱ្យរីកចម្រើនឡើងជាបន្តបន្ទាប់៕
ប្រភព៖ MoEYS





















