លោក ស៊ី ជីនពីង៖ ពិភពលោកកំពុងប្រឈមមុខនឹងជម្រើស “សន្តិភាព ឬសង្គ្រាម” និង “សន្ទនា ឬប្រឈមមុខគ្នា” ខណៈដែលលោក Trump អះអាងថា ទីក្រុងប៉េកាំងបានសមគំនិតប្រឆាំងនឹងសហរដ្ឋអាមេរិក
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងនៅពិធីព្យុហយាត្រាយោធាដ៏ធំ ក្នុងឱកាសខួប ៨០ ឆ្នាំបញ្ចប់សង្គ្រាមលោកលើកទី ២ ថា ពិភពលោកកំពុងប្រឈមមុខនឹងជម្រើស “សន្តិភាព ឬសង្គ្រាម” និង “សន្ទនា ឬប្រឈមមុខគ្នា”។ ការថ្លែងនេះកើតឡើង ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថាប៉េកាំងកំពុងសមគំនិតប្រឆាំងវ៉ាស៊ីនតោន និងបានរំលឹកឱ្យចិនទទួលស្គាល់ការរួមចំណែករបស់សហរដ្ឋអាមេរិកក្នុងការធានាសេរីភាពដល់ចិន។
នៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា “ទិវាជ័យជំនះ” នៅទីលានធានអានមេន មានមេដឹកនាំពីជាង ២០ ប្រទេសចូលរួម រួមទាំងលោក វ្ល៉ាឌីមៀ ពូទីន និងលោក គីម ជុងអ៊ុន។ ក្នុងសុន្ទរកថា លោក ស៊ី បានសន្យាពង្រឹងសមត្ថភាពយោធា ដោយសង្កត់លើតួនាទីការពារអធិបតេយ្យភាព និងបូរណភាពដែនដី។ ក្បួនដង្ហែរបង្ហាញកាំជ្រួច ឡានយោធា និងយន្តហោះចម្បាំង បង្ហាញអំណាចយោធារបស់ចិន។

លើសពីនេះអ្នកវិភាគ Jeremy Chan មកពី Eurasia Group បានឲ្យដឹងថា ការចូលរួមរបស់គណៈប្រតិភូបរទេស បង្ហាញពីការផ្លាស់ប្តូរឥទ្ធិពលរបស់ចិន ពេលដែលមេដឹកនាំលោកខាងលិចភាគច្រើនអវត្តមាន។ អាស៊ានមានមេដឹកនាំចូលរួម៥ នាក់ បង្ហាញឥទ្ធិពលតំបន់កើនឡើង។ កូរ៉េខាងត្បូងបានបដិសេធការអញ្ជើញ ខណៈការចូលរួមរបស់ លោក គីម ជុងអ៊ុន បង្ហាញទំនាក់ទំនងកក់ក្តៅជាមួយប៉េកាំង ទល់មុខកិច្ចសហប្រតិបត្តិការរវាងព្យុងយ៉ាង–ម៉ូស្គូ និងការទូតថ្មីពីសេអ៊ូល–វ៉ាស៊ីនតោន។
ដោយឡែកព្រឹត្តិការណ៍នេះក៏ភ្ជាប់នឹងកិច្ចប្រជុំកំពូលសៀងហៃនៅទីក្រុងធានជីន ដែលលោក ពូទីនបានចូលរួម ខណៈនាយករដ្ឋមន្ត្រីឥណ្ឌាមិនស្នាក់សម្រាប់ក្បួនដង្ហែរទេ។ មុនពារ៉ាដ លោក ស៊ី និងលោក ពូទីន បានជួបប្រជុំ ហើយចុះកិច្ចព្រមព្រៀងសាងសង់បំពង់ឧស្ម័ន Power of Siberia ២។ ចិនធ្លាប់ធ្វើព្យុហយាត្រាឆ្នាំ ២០១៩ ក្នុងឱកាសខួប ៧០ ឆ្នាំនៃការគ្រប់គ្រងបក្សកុម្មុយនិស្ត ហើយឆ្នាំ ២០១៥ លោក ពូទីន ក៏បានចូលរួមជាមួយមេដឹកនាំអន្តរជាតិជាច្រើនផងដែរ។ ចិនបានហៅពិធីថ្មីនេះថា “ខួប ៨០ ឆ្នាំ នៃជ័យជំនះប្រឆាំងជប៉ុន និងហ្វាស៊ីសនិយម”។
ប្រភព៖ CNBC















