|

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ត្រូវស្គាល់ឱ្យច្បាស់នូវមុខមាត់ខ្មែរណាដែលជួយខ្មែរពិតប្រាកដ និងខ្មែរណាដែលហុចដងដាវឱ្យគេ ហើយបំផ្លាញខ្មែរគ្នាឯង


ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងគ្រាដ៏លំបាកដែលរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីធ្វើឱ្យមានសន្តិភាពពិប្រាកដក្នុងជម្រោះព្រំដែនកម្ពុជា-ថៃ មានឧបសគ្គរាំងស្ទះជាច្រើនបង្កឡើងដោយព័ត៌មានក្លែងក្លាយ។

នៅក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស៖ សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ព័ត៌មានក្លែងក្លាយនៅតែជាអាវុធយុទ្ធសាស្ត្រដែលគេប្រើប្រាស់កាន់តែច្រើនឡើងដើម្បីបំបែកបំបាក់សាមគ្គីភាពដ៏រឹងមាំរបស់ខ្មែរ។
មានគណនីឬ Account Facebook ក្លែងក្លាយជាច្រើនត្រូវបានបង្កើតឡើង ក្នុងនោះមានមួយចំនួនទោះបីជាដាក់ឈ្មោះខ្មែរ តែតាមពិតអ្នកដែលកាន់គណនីទាំងនោះមិនមែនជាខ្មែរទេ ពួកគេបង្ហោះព័ត៌មានក្លែងក្លាយដោយព័ត៌មា នខ្លះគេប្រឌិតឡើងទាំងស្រុង ខណៈដែលព័ត៌មានឬឃ្លីបវីដេអូមួយចំនួនទៀតគេយកពីបរទេស ឬឃ្លីបចាស់យូរហើយ តែវាស៊ីនឹងស្ថានការណ៍បច្ចុប្បន្ន ដូច្នេះគេក៏យកមកបន្លំដើម្បីសរសេរជាចំណងជើងថ្មីឬធ្វើអត្ថាធិប្បាយបំភាន់ថា ជារឿងថ្មីដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ធ្វើឱ្យជឿថា រឿងនោះទើបតែកើតឡើងពិតមែន។ បន្ទាប់មកមានក្រុម MMO មួយចំនួន ជាពិសេសក្រុមប្រឆាំងជ្រុលនិយមមួយចំនួននៅក្រៅប្រទេសធ្វើជាភ្នាក់ងារចែកចាយបន្តនូវព័ត៌មានមិនពិតទាំងអស់នោះ។ ក្រៅពីនេះក៏ឃើញមានការប្រើប្រាស់បច្ចេកវិទ្យាសិប្បនិមិត្តAIដើម្បីផលិតឃ្លីបវីដេអូក្លែងក្លាយជាច្រើនផងដែរ។

ក្នុងន័យនេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា «គោលដៅរបស់ពួកគេ គឺមិនមែនបម្រើផលប្រយោជន៍ខ្មែរទេ ផ្ទុយទៅវិញ ពួកគេព្យាយាមបំពុលសតិអារម្មណ៍របស់ប្រជាពលរដ្ឋយើងឱ្យបាត់ជំនឿលើខ្លួនឯង បាត់ជំនឿលើរាជរដ្ឋាភិបាល ហើយបំបែកកម្លាំងសាមគ្គីខ្មែរជាចម្រៀកៗដែលធ្វើឱ្យខ្មែរយើងចុះខ្សោយ នេះជាគោលដៅ ដូច្នេះសូមបងប្អូនយើងប្រុងប្រយ័ត្នចំពោះរឿងនេះឱ្យមែនទែន ហើយក៏ត្រូវស្គាល់ឱ្យច្បាស់ដែរ នូវមុខមាត់ខ្មែរណាដែលជួយខ្មែរពិតប្រាកដ និងខ្មែរណាដែលហុចដងដាវឱ្យគេហើយ បំផ្លាញខ្មែរគ្នាឯងនៅក្នុងគ្រាដ៏លំបាកនេះ ដើម្បីធ្វើយ៉ាងណាកុំឱ្យយើងភាន់ច្រឡំសមរភូមិ»៕

ប្រភព៖ ក្រសួងព័ត៌មាន