ឯកឧត្តមបណ្ឌិត សោម រតនា៖ “ការប្តូរទម្លាប់ ត្រូវការពេល ហើយត្រូវកែលម្អជាបន្តបន្ទាប់ រហូតដល់ការផ្លាស់ប្តូរនោះក្លាយជាទម្លាប់-វប្បធម៌ថ្មី”
នេះជាប្រសាសន៍ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប ថ្លែងក្នុងឱកាសអញ្ជើញជាអធិតីភាពក្នុងសិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចគណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។ អង្គសិក្ខាសាលានាឱកាសនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអយក ប្រធាន និងអនុប្រធានមន្ទីរអយក ថ្នាក់ដឹកនាំសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងគរុសិស្ស និស្សិតសរុបចំនួន ១៤៥នាក់។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមប្រធានគណៈអធិបតីបានសង្កត់ធ្ងន់លើតួនាទី និងភារកិច្ចរបស់ជំនួយការអប្បមាទ ក្នុងការធានានូវប្រសិទ្ធភាព យុត្តិធម៌ តម្លាភាព និងភាពទទួលយកបាន។ ទន្ទឹមនិងនោះ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់បន្ថែមពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក្នុងការបន្តកែលម្អរ និងពង្រឹងគុណភាពអប់រំ តាមរយៈការរៀបចំការប្រឡងដែលមានភាពសុក្រិត ដើម្បីធានាថា “អ្នកចេះ ជាប់”។

ជាចុងបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្រូឧទ្ទេស ជាពិសេសប្អូនៗជាជំនួយការអប្បមាទ ដែលបានបន្តចូលរួមក្នុងដំណើរការដ៏វែងឆ្ងាយនៃកំណែទម្រង់នេះ។ ឯកឧត្តមបានបញ្ជាក់ថា “ការប្តូរទម្លាប់ ត្រូវការពេល ហើយត្រូវកែលម្អជាបន្តបន្ទាប់ រហូតដល់ការផ្លាស់ប្តូរនោះក្លាយជាទម្លាប់-វប្បធម៌ថ្មី”៕

















