|

ឯកឧត្តមបណ្ឌិត សោម រតនា៖ “ចូរប្អូនប្រឹង! ត្រូវមើលឧបសគ្គថាជាផ្លូវ ពោលគឺគ្មានផ្លូវឆ្ពោះទៅរកភាពជោគជ័យណា ដែលគ្មានឧបសគ្គឡើយ”


ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាជនបង្គោលថ្នាក់ជាតិនៃកម្មវិធីអាហារូបករណ៍ Erasmus+ សហភាពអឺរ៉ុប បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយព័ត៌មានស្តីពីកម្មវិធី Erasmus+ ជូនទៅប្អូនៗនិស្សិតមកពីសាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានគរុកោសល្យខេត្ត នៅសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក Bryan Fornari ប្រធាន ផ្នែកកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាព អឺរ៉ុប ប្រចាំប្រទេស កម្ពុជា ឯកឧត្តម សុខ ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ បាត់ដំបង អ្នកស្រី Estelle Genevet មន្រ្តីគាំទ្រសកម្មភាព របស់ Campus របស់បារាំង លោក Adrian Jambé តំណាងស្ថានទូតអាល្លឺម៉ង់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ រួមទាំងនិស្សិតជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក Bryan Fornari បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមបណ្ឌិត សោម រតនា។ លោកបានលើកឡើងពីអត្ថន័យ គោលដៅ និងតួនាទីដ៏សំខាន់ផ្សេងៗរបស់សហគមអឺរ៉ុប ( European Union) តាមរយៈគំនិតផ្តួចផ្តើមនានាដូចជាកម្មវិធី Erasmus Plus ដែលផ្តល់អាហាររូបករណ៍ដល់និស្សិតឱ្យបន្តការសិក្សានៅសហភាពអឺរ៉ុប ដែលអាហារូបករណ៍នេះគឺជាលទ្ធផលផ្លែផ្កានៃទំនាក់ទំនងល្អលើកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍លើកឡើងពីតួនាទីដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងយកចិត្តទុកលើវិស័យអប់រំនៅកម្ពុជា ដែលជាការកសាងអនាគតល្អសម្រាប់យុវជនជំនាន់ក្រោយ និងជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសជាតិផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងអំពីតួនាទីដ៏សំខាន់របស់សហគមអឺរ៉ុបក្នុងការជួយលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា តាមរយៈការផ្ដល់ឱកាសដល់និស្សិតជាច្រើនបានទៅបន្តការសិក្សានៅក្រៅប្រទេស ជាពិសេសនៅតំបន់អឺរ៉ុប។

ឯកឧត្តមបណ្ឌិត បានផ្ដល់អនុសាសន៍ដល់ប្អូនៗនិស្សិតឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួនឯង និងសង្គមជាតិ ហើយត្រូវមើលឧបសគ្គ ថាជាផ្លូវ ពោលគឺគ្មានផ្លូវឆ្ពោះទៅរកភាពជោគជ័យណា ដែលគ្មានឧបសគ្គឡើយ។

គួរបញ្ជាក់ថា អាហារូបករណ៍ Erasmus+ បែងចែកជា៤ប្រភេទ រួមមាន៖ 1) International Credit Mobility Program (ICM), 2) Erasmus Joint Master Degree Programs (EMJMD), 3) Capacity Building for Higher Education (CBHE), 4) Jean Monnet Action Program ដែលផ្តល់សម្រាប់សាស្ត្រាចារ្យ និស្សិត អ្នកស្រាវជ្រាវទាំងអស់ ដែលបំណងចង់បន្តការសិក្សានៅសហគមអ៊ឺរ៉ុប៕