ឯកឧត្តមបណ្ឌិត សោម រតនា៖ “ក្រៅពីងារជានិស្សិត នៅក្រៅប្រទេស ប្អូនៗជាមុខមាត់ជាតិ និងប្រជាជនកម្ពុជា”
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់អាហារូបករណ៍ ICCR ដល់និស្សិតកម្ពុជាចំនួន ៤១ នាក់ ដែលត្រូវបានជ្រើសរើសឱ្យបន្តការសិក្សានៅប្រទេសឥណ្ឌាសម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦។ អាហារូបករណ៍នេះនឹងអនុញ្ញាតឱ្យនិស្សិតទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សានៅប្រទេសឥណ្ឌា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម VANLALVAWNA BAWITLUNG ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជាបានសម្តែងការអបអរសាទរចំពោះនិស្សិតដែលត្រូវបានជ្រើសរើសឱ្យទទួលបាននូវអាហារូបករណ៍ ICCR សម្រាប់បន្តការសិក្សានៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ឯកឧត្តមបានធ្វើការលើកទឹកចិត្តនិស្សិតទាំងអស់ឱ្យបន្តខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាអ្នករួមចំណែកវិជ្ជមានដល់សង្គម និងការរីកលូតលាស់នៃទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត សោម រតនា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា (ICCR) ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា ដែលបានបន្តគាំទ្រក្នុងការពង្រឹងធនធានមនុស្សលើវិស័យអប់រំ ដែលស្របទៅគោលដៅដែលកម្ពុជាកំពុងខិតខំឱ្យក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការផ្តល់អាហារូបករណ៍នេះ បានឆ្លុះបញ្ចាំងពីគោលដៅរួមនៃកំណើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការផ្លាស់ប្តូរវប្បធម៌របស់ប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ឯកឧត្តម បានលើកឡើងថា នេះជាឱកាសដ៏ល្អដែលនិស្សិតកម្ពុជាអាចទៅបន្តការសិក្សានៅក្រៅប្រទេស ហើយក៏ជាឱកាសដែលនិស្សិតអាចសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌បន្ថែមពីក្នុង និងក្រៅតំបន់ផងដែរ។


សូមជម្រាបថា ក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា (ICCR) ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សានៅប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ។ អាហារូបករណ៍ដែលទទួលបានទាំងនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្នែកការទូតវប្បធម៌ដ៏លេចធ្លោរបស់ប្រទេសឥណ្ឌា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងផ្នែកអប់រំ និងវប្បធម៌រវាងឥណ្ឌា និងកម្ពុជា។ អាហារូបករណ៍ទាំងនេះគ្របដណ្តប់លើថ្លៃសិក្សា ការស្នាក់នៅ និងការចំណាយលើការរស់នៅក្រោមគម្រោងផ្សេងៗដូចជា Quad STEM, Mekong Ganga Cooperation និងគម្រោងអាហារូបករណ៍ទូទៅ Atal Bihari Vajpayee។


















