នាយករដ្ឋមន្ត្រីសឹង្ហបុរី បង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃនឹងដោះស្រាយ បញ្ហាដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ
នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្ដម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសឹង្ហបុរីនៅវិមានព្រឹទ្ធសភា ក្នុងឱកាស ឯកឧត្តម អញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថាក្នុងឱកាសនោះ សម្ដេច តេជោ ហ៊ុន សែន បានសម្ដែងនៅក្តីរីករាយ និងស្វាគមន៍ដែលបានជួប ឯកឧត្តម ឡរ៉េន វ៉ុង នាយក រដ្ឋមន្ត្រី សិង្ហបុរី និងគណៈប្រភូ, សម្ដេចតេជោ បានចាត់ទុក ដំណើរ ទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះជាផ្នែកដ៏សំខាន់នៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឲ្យកាន់តែល្អប្រសើរ រីកចម្រើនបន្ថែមទៀត។
សម្ដេចតេជោ មានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី មានភាពរីកចម្រើន និងមានលក្ខណៈយូរអង្វែងចាប់តាំងពីព្រះរាជកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះ បរមរតនកោដ្ឋកាលពី ៦០ឆ្នាំមុន ដោយមានការចាប់ផ្ដើមទំនាក់ទំនងជាមួយនឹងឯកឧត្តម លី-ក្វាន់យូ (Lee Kuan Yew) នាយករដ្ឋមន្ត្រីដំបូងបំផុតរបស់សិង្ហបុរីហើយរហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តមានភាពរីកចម្រើនជាបន្តបន្ទាប់។

ក្នុងឱកាសនោះ ឯកឧត្តម Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរីបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានទទួលជួបឯកឧត្តម និងគណៈប្រតិភូយ៉ាងកក់ក្ដៅ។ ឯកឧត្តមក៏បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ដោយ មានការរីកចម្រើន ជាលំដាប់ ជាពិសេសនៅឆ្នាំនេះ គឺជាខួបទី ៦០ ឆ្នាំ នៃទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការផ្លូវការវាងប្រទេសទាំងពីរ។
ក្នុង ឱកាសនោះសម្ដេចតេជោ បានលើកឡើង អំពីការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀតជាពិសេសតាមរយៈវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចនិងវិស័យទេសចរណ៍ប្រទេសទាំងពីរផងដែរ។ សម្ដេចតេជោចង់ឱ្យមានជើងហោះហើរកាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរីមកកាន់កម្ពុជា ជាពិសេសនៅពេលដែលកម្ពុជាដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិ តេជោ ថ្មីនាពេលឆាប់ខាងមុខ។

សម្ដេចតេជោក៏បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្ដេច បាន បញ្ជាក់ ពី មូល ហេតុ ដែល បានកើតឡើង គឺផ្ដើមឡើងដោយ ទាហានថៃចូលមកបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ និងថៃបានបិទព្រំដែនជាឯកតោភាគី និងការគំរាមកំហែង ផ្សេងៗជាច្រើនទៀត។
សម្ដេចបានបញ្ជាក់ថា កម្ពុជាទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់ គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេគឺកម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពានកម្ពុជាគឺ យើងត្រូវប្រើសិទ្ធិ ការពារនៅវៃបកត្រឡប់ទៅវិញ។
ឯកឧត្តមនាយកដ្ឋមន្រ្ដីក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និងគោលបំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា។ ឯកឧត្តមសង្ឃឹមថាភាគីទាំងពីរនឹងដោះស្រាយបញ្ហាដោយសន្ដិវិធីដោយឈរលើគោលការច្បាប់អន្តរជាតិ៕